
យោងតាមការចេញផ្សារព័ត៌មានថ្មីដែលចេញមកពីប្រទេសចិនបានអោយដឹងថា នៅពេលនេះរថយន្ត Tesla Model Y ដែលទើបតែមានអាប់ដែតទៅលើការឌីស្សាញថ្មីនោះ គឺមានការពេញនិយមខ្លាំងនៅលើទីផ្សារប្រទេសចិន។ តាមការបញ្ជាក់នៅលើសារព័ត៌មានក្នុងស្រុករបស់ចិនដែលឈ្មោះថា 36kr បានរាយការណ៌ថា មកដល់ពេលនេះ រថយន្តថ្មីនេះ គឺមានការបញ្ជាទិញមុនបានចំនួន 200,000 គ្រឿងហើយ។ រថយន្តនេះ ត្រូវបានគេបញ្ជាក់ថា គឺមានការដឹកជញ្ជូនអោយអតិថិជនកាលពីថ្ងៃទី 26 កុម្ភៈនេះបន្ទាប់ពីបានប្រកាសចេញជាផ្លូវការណ៌កាលពីថ្ងៃទី 10 ខែមករាកន្លងទៅ។
សូមជំរាបថា ក្រុមហ៊ុន Tesla ក៏បានបង្ហាចេញនូវរថយន្តអគ្គិសនី Cybertruck របស់ខ្លួននៅលើទីផ្សារចិនក្នុងឆ្នាំនេះដែរ បើទោះជាពេលនេះមានបញ្ហាផ្នែកច្បាប់មួយចំនួនក៏ដោយ។ បើមើលទៅលើទីផ្សារចិន ការលក់រថយន្ត pickup truck គឺមិនមានតម្រូវការខ្ពស់នោះទេ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេកាំងមួយនេះ មានការជឿជាក់ថា រថយន្តអគ្គិសនី Cybertruck របស់ខ្លួន នឹងអាចជាតម្រូវការរបស់យុវវ័យនៅលើទីផ្សារប្រទេសចិន។

គួរបញ្ជាក់ថា Tesla Model Y ដែលមានការអាប់ដែតថ្មីនេះ គឺបានបង្ហាញខ្លួនៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 10 ខែមករាឆ្នាំ 2025 កន្លងទៅនេះ ដោយមានការបញ្ជាទិញមុន 50,000 គ្រឿងភ្លាមៗត្រឹមតែ 1 ថ្ងៃ។ នៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុនអាមេរិកាំងនេះ គឺបានលក់រថយន្តរបស់ខ្លួនចំនួន 30,688 គ្រឿង ដែលសុទ្ធតែជារថយន្តដែលតម្លើងនៅរោងចក្រ Giga Shanghai។ចំនួនមានការធ្លាក់ចុះ 49% ប្រៀបធៀបជាមួយឆ្នាំមុន។

ក្រុមហ៊ុននេះត្រូវបានគេរាយការណ៌បន្ថែមថា បានដឹកជញ្ជូនរថយន្តអោយអតិថិជនបានចំនួន 6,000 គ្រឿងហើយ សម្រាប់សប្តាហ៌ដំបូងបន្ទាប់ពីការប្រកាសចេញជាផ្លូវការ។ រថយន្តថ្មីនេះមាន 2 ម៉ូដែល ដោយ RWD គឺមានតម្លៃចាប់ពី 263,500 យ៉ន់ ដែលស្មើរនឹង 36,400 ដុល្លារ ខណៈដែល AWD មានតម្លៃ 303,500 យ៉ន់ ប្រហែល 41,900 ដុល្លារ។
