ស្វែងរកពួកយើង:

Tesla ប្រកាសប្រមូលរថយន្តរបស់ខ្លួនចំនួន 20 ម៉ឺនគ្រឿងត្រឡប់មកវិញដោយសារបញ្ហានៅលើប្រព័ន្ធកាមេរ៉ា

ដោយ

Koun Jab Luffy

30 មករា 2024 11:13 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ Tesla បានប្រកាសប្រមូលត្រឡប់មកវិញនូវរថយន្តចំនួន 20 ម៉ឺនគ្រឿងនៅសហរដ្ឋអាមេរិក ដោយសារមានបញ្ហាលើប្រព័ន្ធកាមេរ៉ាបម្រុងមិនដំណើរការ។ មានសេចក្តីរាយការណ៍ថា កាមេរ៉ាមិនដំណើរការនៅពេលដែលរថយន្តដាក់លេខថយក្រោយ ឬ reverse ដែលជាបញ្ហាសុវត្ថិភាពធំគួរសម និងចំណុចទាំងមូលនៃកាមេរ៉ាទាំងនោះតាំងពីដំបូង។ Tesla បានទទួលសេចក្តីរាយការណ៍បញ្ហានេះចំនួន 81 ករណី នេះបើយោងតាមការចុះផ្សាយដោយ Autoblog។
ចំពោះរថយន្តដែលធ្វើការប្រមូលត្រឡប់មកវិញរួមមានម៉ាក Tesla Model Y, Model S, និង Model X គឺធ្វើឡើងចាប់ពីឆ្នាំ 2023។ Tesla និយាយថា ខ្លួនបានចែកចាយរថយន្តចំនួន 1.8 លានគ្រឿងក្នុងឆ្នាំ 2023 ដូច្នេះ ការប្រមូលមកវិញនេះមានច្រើនជាង 10 ភាគរយនៃទិន្នផលប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ បើយោងតាម Reuters បានចេញផ្សាយថា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេសហរដ្ឋអាមេរិក (NHTSA) បានចេញសេចក្តីថ្លែងការណ៍មួយអំពីបញ្ហានេះ ហើយបាននិយាយថា បញ្ហាផ្នែកទន់ (Software) គឺជាបញ្ហាចម្បងដែលបង្កឲ្យកើតមាននូវបញ្ហានេះ។
សម្រាប់រថយន្តដែលត្រូវប្រមូលត្រឡប់មកវិញទាំងអស់ គឺបានបំពាក់នូវប្រព័ន្ធ “Full Self-Driving” Computer 4.0 របស់ក្រុមហ៊ុន Tesla និងដំណើរការលើ Software កំណែ 2023.44.30 ដល់ 2023.44.30.6 ឬ 2023.44.100។ ម្ចាស់នៃរថយន្ត Tesla អាចពិនិត្យមើលថា តើកំណែ Software ជំនាន់មួយដែលបាននឹងកំពុងដំណើរការនៅលើរថយន្តរបស់ពួកគេ។ ជាមួយគ្នានេះ Tesla ក៏បានធ្វើការបញ្ចេញកំណែអាប់ដេតកម្មវិធី over-the-air (OTA) ដើម្បីជួសជុលលើបញ្ហានេះរួចរាល់ហើយ នេះបើយោងតាមការបញ្ជាក់ពីស្ថាប័ន NHTSA។
Tesla បានរកឃើញនូវបញ្ហាប្រព័ន្ធកាមេរ៉ាមិនដំណើរការនៅក្នុងខែធ្នូ ហើយបានសម្រេចចិត្តក្នុងការប្រកាសប្រមូលរថយន្តដែលមានបញ្ហានេះមកវិញនៅថ្ងៃទី 12 ខែមករា ឆ្នាំ 2024។ អតិថិជននឹងទទួលបានលិខិតជូនដំណឹងអំពីបញ្ហានេះត្រឹមថ្ងៃទី 22 ខែមីនា។
ក្រុមហ៊ុនបាននិយាយថា ខ្លួនមិនទាន់ទទួលបានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ របួស ឬការស្លាប់ដែលទាក់ទងនឹងដំណើរការខុសប្រក្រតីនៃប្រព័ន្ធកាមេរ៉ារថយន្តនោះទេ។ ហើយការប្រមូលមកវិញលើកចុងក្រោយនេះ កើតឡើងតែប្រាំមួយសប្តាហ៍បន្ទាប់ពី Tesla បានប្រមូលរថយន្តជាងពីរលានគ្រឿងមកវិញ បន្ទាប់ពីបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរទាក់ទងនឹងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់  “Autopilot advanced driver-assistance system” របស់ខ្លួន។ ហើយបញ្ហាមួយនោះ ក៏ត្រូវបានដោះស្រាយតាមរយៈការធ្វើបច្ចុប្បន្នភាព Software (OTA) រួចរាល់ហើយដែរ៕
Tesla ប្រកាសប្រមូលរថយន្តរបស់ខ្លួនចំនួន 20 ម៉ឺនគ្រឿងត្រឡប់មកវិញដោយសារបញ្ហានៅលើប្រព័ន្ធកាមេរ៉ា