
យោងតាមរបាយការណ៌ថ្មីនិយាយថា ការលក់របស់ក្រុមហ៊ុន Tesla នៅលើទីផ្សារសកល នាដើមឆ្នាំ 2025 នេះ ចាប់ផ្តើមមានការធ្លាក់ចុះ។ បើទោះបីជាក្រុមហ៊ុននេះ លក់នូវរថយន្ត Cybertruck ក៏ដោយ ក្រុមហ៊ុននេះ នៅតែមានការធ្លាក់ចុះទៅលើតម្រូវការនៃរថយន្តអគ្គិសនីរបស់ខ្លួន។ ទិន្នន័យនៃការលក់ចេញពីតំបន់ជាច្រើន ដូចជាកាលីហ្វ័ញ៉ា អ៊ឺរ៉ុប និងចិន គឺមានបង្ហាញនូវតួរលេខធ្លាក់ចុះ ហើយសូម្បីតែតំបន់ជាច្រើនទៀតដែលក្រុមហ៊ុន Tesla ធ្លាប់គ្រប់គ្រងទីលើទីផ្សាររថយន្តអគ្គិសនី EV កន្លងមក ក៏ធ្លាក់ចុះដូចគ្នា។
សូមជំរាបថា កាលីហ្វ័រញ៉ាដែលជាទីផ្សាររថយន្តអគ្គិសនីធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ក៏មានការធ្លាក់ចុះទៅលើការលក់របស់ Tesla ដល់ទៅ 11.6% ធៀបទៅនឹងឆ្នាំ 2025។ ខណៈពេលដែលចំណែកទីផ្សាររថយន្តអគ្គីសនីជារួមគឺមានចំនួន 25.3% ក្រុមហ៊ុនTesla នៅតែមានការធ្លាក់ចុះទៅលើការលក់នៅក្នុងទីផ្សារមួយនេះ។ សម្រាប់ក្រុមហ៊ុនម៉ាកយីហោជាច្រើនទៀតគឺមានការលក់ធ្លាក់ចុះ 1.4% ផងដែរ។ រថយន្ត Model 3 ក៏មានការប៉ះពាល់ខ្លាំងដោយសារតែការលក់មានការធ្លាក់ចុះជិត 30000 គ្រឿងចាប់ពីឆ្នាំ 2023។
រថយន្ត Model Y មានការធ្លាក់ចុះចំនួន 40000 គ្រឿង ប៉ុន្តែបើមើលទៅលើរថយន្ត Cybertruck ដែលជារថយន្ត pickup អគ្គិសនីលក់ដាច់បំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ានេះគឺមានចំនួនប្រហែលជា 9019 គ្រឿង ដែលតួរលេខនេះទាបជាងអ្វីដែលបានរំពឺងទុក ក្រុមហ៊ុនTesla ពេលនេះក៏មានការធ្លាក់ចុះនៅក្នុងទីផ្សារនៅអ៊ឺរ៉ុបផងដែរ។ នៅក្នុងប្រទេសអាល្លឺម៉ង់ ការលក់មានការធ្លាក់ចុះដល់ទៅ ៦០% នៅក្នុងខែមករានេះដែលមានការចុះបញ្ជីរថយន្តត្រឹមតែ 1277 គ្រឿងក្នុងខែមករានេះ។
ក្រុមហ៊ុន Tesla ក៏បាត់បង់ចំណែកទីផ្សាររបស់ខ្លួនទៅកាន់ក្រុមហ៊ុនជាច្រើនទៀតដូចជា Volkswagen, BMW, Audi និងក្រុមហ៊ុនម៉ាកយីហោជាច្រើនទៀតរបស់ចិន។ នៅក្នុងប្រទេសបារាំង ការលក់រថយន្តTesla ក៏មានការធ្លាក់ចុះ 63% បើធៀបទៅនឹងឆ្នាំមុននេះនៅក្នុងខែមករា។ សម្រាប់ទីផ្សាររបស់ចក្រភពអង់គ្លេស ការលក់របស់ក្រុមហ៊ុន Tesla គឺមានការធ្លាក់ចុះ 8% ផងដែរ។
សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយភាគបី នៃការលក់សកលរបស់ក្រុមហ៊ុន Tesla នោះ ក៏មានការធ្លាក់ចុះទៅលើការលក់ដល់ទៅ 11.5% នៅក្នុងខែមករា ឆ្នាំ 2025 នេះ។ ការធ្លាក់ចុះនេះ គឺដោយសារតែពិធីបុណ្យចូលឆ្នាំចិន និងការកែប្រែទៅលើផលិតកម្មនៅរោងចក្រ Shanghai Gigafactory របស់ក្រុមហ៊ុន Tesla ។ យ៉ាងណាមិញ ការកើនឡើងនៃក្រុមហ៊ុនម៉ាកយីហោរថយន្តអគ្គិសនីជាច្រើននៅក្នុងប្រទេសចិនក៏កក្លាយជាកត្តាឧបសគ្គរបស់ក្រុមហ៊ុន Tesla ផងដែរ។

មានកត្តាជាច្រើនទៀត ដែលរួមចំណែកនៅក្នុងការលក់ធ្លាក់ចុះរបស់ក្រុមហ៊ុន Tesla ផងដែរ។ នៅក្នុងពេលដែលមានការកើនឡើងនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើនរបស់ចិន ក៏បានប៉ះពាល់ទៅលើភាពលេចធ្លោរបស់ក្រុមហ៊ុន Tesla ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មិនទាន់មានរថយន្ត SUVs កៅអីបីជួរផងដែរ។ នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ការបញ្ចប់ទៅលើការឧបត្ថម្ភទៅលើរថយន្តអគ្គិសនីក៏បណ្តាលអោយមានការធ្លាក់ចុះទៅលើតម្រូវការផងដែរ៕
