យោងទៅលើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ជប៉ុន Toyota ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ឬ Toyota Motor Manufactory Indonesia ហៅកាត់ថា “TMMIN” ប្រកាសចេញដៃសហការជាមួយក្រុមហ៊ុនផលិតថ្មឡានអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន CATL ដើម្បីផលិតថ្មឡានអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ កញ្ចប់ថ្មដែលផលិតដោយ Toyota-CATL នឹងត្រូវប្រើសម្រាប់ឡាន Hybrid របស់ Toyota ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
ប្រភពដដែលបានបញ្ជាក់ថា កាលវិភាគក្នុងការនាំចេញនឹងចាប់ផ្តើមនៅឆមាសទីពីរក្នុងឆ្នាំ 2026 នេះ។ តាមការអះអាងពីក្រុមហ៊ុន TMMIN បាននិយាយថា ការនាំចេញ គឺរាប់បញ្ចូលទាំងកញ្ចប់ថ្មផលិតផលសម្រេច និងសមាសភាគថ្ម។ ផែនការនាំចេញថ្មនេះ គឺជាផ្នែកមួយនៃការវិនិយោគដែលមានទឹកប្រាក់ចំនួន 1.3 ពាន់ពាន់លានរូពី ឬប្រហែល 75.8 លានដុល្លារអាមេរិក ដោយ TMMIN ធ្វើការផលិតកោសិកាថ្ម hybrid cell batter និងម៉ូឌុលថ្មជាមួយ CATL របស់ប្រទេសចិន។ គម្រោងនេះគ្របដណ្តប់លើការធ្វើមូលដ្ឋានីយកម្មថ្មចាប់ពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។ លោកស្រី Nandi Julyanto ប្រធានក្រុមហ៊ុន TMMIN បានបញ្ជាក់ថា កោសិកាថ្ម និងម៉ូឌុលថ្ម ដែលកំពុងនាំចូលនាពេលនេះ នឹងត្រូវបានផលិតនៅក្នុងស្រុកនៅពេលក្រោយ។
លោកស្រី Nandi បានមានប្រសាសន៍បន្ថែមទៀតថា “បច្ចុប្បន្ន TMMIN មានខ្សែសង្វាក់ផលិតកម្មកញ្ចប់ថ្មនៅរោងចក្រ Karawang របស់ខ្លួន ដើម្បីផលិតថ្មសម្រាប់រថយន្ត Toyota ម៉ូដែល Kijang Innova Zenix HEV, Veloz HEV និង Yaris Cross HEV។ តាមរយៈកិច្ចសហការជាយុទ្ធសាស្ត្រជាមួយ CATL នៅប្រទេសឥណ្ឌូនេស៊ី យើងកំពុងខិតខំបង្កើនសមត្ថភាពផលិតកញ្ចប់ថ្ម រហូតដល់ការផលិតកោសិកាថ្ម និងម៉ូឌុលថ្មទាំងស្រុងតែម្តង”។ ក្រុមហ៊ុន Toyota បាននិយាយថា គម្រោងនេះ បានដើរស្របនឹងយុទ្ធសាស្ត្រពហុយុទ្ធសាស្ត្ររបស់ខ្លួន ដែលរួមមានរថយន្តអគ្គិសនី+សាំង (Hybrid), Plug-in-hybrid និងរថយន្តអគ្គិសនី (BEV), រថយន្តប្រើប្រាស់ Fuel Cell និង flexible-fuel vehicles ដែលប្រើប្រាស់ល្បាសារធាតុជីវអេតាណុល ជាដើម។
សម្រាប់រថយន្ត HEV របស់ Toyota នៅក្នុងទីផ្សារឥណ្ឌូនេស៊ីត្រូវបានគេហៅថា “mild-hybrid” ស្រាប់ Toyota ផ្ទាល់បានហៅថា “Electrified vehicle” ដែលកំណើតការលក់ល្អនៅក្នុងឆ្នាំ 2025។ បើតាមទិន្នន័យលក់ពីក្រុមហ៊ុន GAIKINDO ក្រុមហ៊ុន TMMIN បានលក់រថយន្តប្រភេទ “electrified vehicles” បានចំនួន 177,367 គ្រឿងនៅទីផ្សារឥណ្ឌូនេស៊ីក្នុងឆ្នាំ 2025 កើនឡើងដល់ 71% ធៀបនឹងឆ្នាំ 2024 ដែលលក់បានចំនួន 103,452 គ្រឿង។ សម្រាប់ការផលិតរថយន្តប្រភេទ Electrified Vehicle របស់ Toyota ក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ 2025 មានចំនួនសរុប 127,420 គ្រឿង។ ចំនែករថយន្ត Hybrid មានចំនួន 97,462 គ្រឿង ឬប្រហែល 76.5% នៃទិន្នផលយានយន្តអគ្គិសនីសរុប។
CATL គឺជាក្រុមហ៊ុនផលិតថ្មរថយន្ត EV ធំជាងគេបំផុតរបស់ពិភពលោក។ នៅក្នុងប្រទេសចិន ក្រុមហ៊ុននេះ មានចំនែកទីផ្សារចំនួនជិតពាក់កណ្តាលនៃទីផ្សារសរុបនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2026ដោយមានសមត្ថភាពដំឡើងប្រភពថាមពលដល់ 59.52GWh និងមានចំណែក 48.3% នេះបើយោងតាមទិន្នន័យរបស់សម្ព័ន្ធភាពនវានុវត្តន៍ថ្មរថយន្តប្រទេសចិន(CABIA)។ក្នុងខែមិថុនា ឆ្នាំ 2025, CATL បានបើកការដ្ឋានសាងសង់រោងចក្រផលិតថ្មរួមគ្នាមួយនៅតំបន់ Karawang ខេត្ត West Java ជាមួយក្រុមហ៊ុន Indonesia Battery Corp និង PT Aneka Tambang។ គម្រោងនេះត្រូវបានគេរំពឹងថានឹងមានសមត្ថភាពផលិតថាមពលប្រើប្រាស់ប្រចាំឆ្នាំបាន 15GWh៕




