កាលពីពេលថ្មីៗនេះ រូបភាពនៃឡាន SUV ស៊េរីថ្មីម៉ូដែល Toyota 4Runner 2026 ត្រូវបានគេថតបានខណៈកំពុងធ្វើការបើកបរសាកល្បងនៅលើដងវិថីក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ យ៉ាងណាមិញ បើទោះបីមានការប្រទះឃើញឡាន SUV ស៊េរីថ្មីនេះ ក៏ដោយក៏ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសជប៉ុនប្រចាំប្រទេសអូស្ត្រាលីមិនបានបញ្ជាក់ផ្លូវការណ៍ពីការបង្ហាញវត្តមានរបស់ 4Runner ជំនាន់ថ្មីក្នុងទឹកដីអូស្ត្រាលីនៅឡើយទេ។

ផ្ទុយទៅវិញរថយន្ត Toyota 4Runner ស៊េរីថ្មី 2026 នេះ ត្រូវបានគេសង្កេតឃើញថា បាននឹងកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យធ្វើតេស្តវាយតម្លៃកម្រិតស្តង់ដារដោយក្រុមហ៊ុន Ford Australia ដែលមានក្រុមការងារផ្នែករចនា និងវិស្វកម្មមានមូលដ្ឋាននៅក្នុងទីក្រុង Melbourne បាននឹងកំពុងធ្វើការវាយតម្លៃរថយន្តជាច្រើនប្រភេទពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ រូបភាពដែលត្រូវបានធ្វើការចែកចាយដោយក្រុមហ្វេសប៊ុកដែលមានឈ្មោះថា Prado 250 Series Owners Page Australia ដែលពេលនេះត្រូវបានលប់ចេញវិញ បានបង្ហាញពីរថយន្ត Toyota 4Runner ស៊េរីថ្មីឆ្នាំ 2026 ស្ថិតនៅជាយក្រុង Thomastown ភាគខាងជើងនៃទីក្រុង Melbourne។

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota Australia បានធ្វើការអះអាងថា រថយន្ត 4Runner ចង្កូតឆ្វេងដែលគេប្រទះឃើញ កំពុងស្ថិតនៅក្នុងការវាយតម្លៃរបស់ក្រុមវិស្វកម្ម ក្នុងប្រទេសអូស្ត្រាលីនោះ គឺមិនស្ថិតនៅក្រោមការវាយតម្លៃស្តង់ដារដោយ Toyota នោះទេ។ ក្រុមហ៊ុនបានបញ្ជាក់ថា Toyota 4Runner ជំនាន់បច្ចុប្បន្ន គឺមិនត្រូវបានដាក់លក់នៅទីផ្សារអូស្ត្រាលីតាំងពីឆ្នាំ 2024 មកម្ល៉េះ ដោយសារតែវាផលិតដោយប្រើប្រាស់ចង្កូតឆ្វេង បើទោះបីជាវាត្រូវបានផលិតដោយក្រុមហ៊ុន Toyota នៅក្នុងប្រទេសជប៉ុនដូចគ្នានឹង Toyota LandCruiser Prado 250 Series ក៏ដោយ។

Toyota 4Runner គឺជាម៉ូដែល SUV ដែលបានកម្លាយចេញពីម៉ូដែល Tacoma ute ហើយបានប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង TNGA-F Platform ដូចគ្នានឹងម៉ូដែល LandCruiser Prado 250, LandCruiser 300 និង Tundra។ សម្រាប់ 4Runner ស៊េរីថ្មីដែលគេប្រទះឃើញនៅទឹកដីអូស្ត្រាលី គឺបំពាក់ម៉ាស៊ីន 2.4-litre turbo four-cylinder petrol Limited grade មានកម្លាំង 207kW និងកម្លាំងរមួល 430Nm មិនប្រើប្រព័ន្ធ Hybrid របស់ Toyota ហើយភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិមាន 8 វគ្គ។ សម្រាប់ប្រព័ន្ធ Hybrid System របស់ Toyota ដែលហៅថា iForce Max ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅលើម៉ូដែល LandCruiser 250 Series ក៏នឹងមានប្រើនៅលើ 4Runner ស៊េរីថ្មី 2026 សម្រាប់ម៉ូដែលនៅក្នុងទីផ្សារអាមេរិកផងដែរ។

ប្រព័ន្ធ iForce Max គឹមានបំពាក់បន្ថែមនូវប្រព័ន្ធម៉ូទ័រអគ្គិសនីកម្លាំង 36kW ដែលមានកម្លាំងរមួល 200Nm ជាមួយម៉ាស៊ីនមានកម្លាំង 243kW និងកម្លាំងរមួល 630Nm។ Toyota 4Runner ស៊េរីថ្មីឆ្នាំ 2026 គឺមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,850mm ដូចគ្នានឹងម៉ូដែល LandCruiser Prado 250 Series and LandCruiser 300 Series ដែរ៕
