ស្វែងរកពួកយើង:

Toyota Avalon ជាប់ឈ្មោះជាឡានធន់ និងអាចជឿទុកចិត្តបានបំផុត ប្រចាំឆ្នាំ 2025!

ដោយ

Koun Jab Luffy

28 កុម្ភៈ 2025 08:39 ព្រឹក

អាន 3 នាទី

Article image
នេះគឺជាឡាន Toyota Avalon ដែលទើបតែបានជាប់ឈ្មោះជា ឡានធន់ និងអាចជឿទុកចិត្តបានបំផុត ប្រចាំឆ្នាំ 2025 ពីក្រុមហ៊ុនវិភាគរបស់អាមេរិក J.D. Power។ ថ្មីៗនេះ យោងតាមរបាយការណ៌របស់ក្រុមហ៊ុន J.D. Power បានអោយដឹងថា ចំនួននៃបញ្ហាដែលបានរាយការណ៍នៅលើរថយន្ត ដែលមានអាយុកាល 3 ឆ្នាំ បានកើនឡើងដល់កម្រិតខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ 2009 មក។
ការសិក្សាចុងក្រោយបង្អស់បានវិភាគរថយន្តឆ្នាំ 2022 នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីវាស់ស្ទង់ភាពអាចទុកចិត្ត និងជឿជាក់បាន ដោយផ្អែកលើបញ្ហាក្នុង 100 យានយន្ត (PP100)។ ជាមធ្យម តួលេខនេះបានឡើងដល់ 202 បញ្ហាក្នុង 100 យានយន្ត ដែលតំណាងឲ្យការថយចុះ 6% នៃភាពអាចទុកចិត្ត និងជឿជាក់បាន បើប្រៀបធៀបទៅនឹងការសិក្សាកាលពីឆ្នាំមុន លើរថយន្តស៊េរីឆ្នាំ 2021។
Article image
ក្នុងនោះដែរ ប្រព័ន្ធកម្សាន្តរថយន្ត ឬ Infotainment Systems នៅតែជាបញ្ហាឈឺក្បាលដ៏ធំ សម្រាប់អ្នកប្រើប្រាស់ ក្នុងរយៈពេល 2 ឆ្នាំជាប់ៗគ្នាមកហើយ ជាពិសេសនោះគឺ បញ្ហាក្នុងការតភ្ជាប់ជាមួយ មុខងារ Android Auto និង Apple CarPlay បានឈរនៅលើចំណាត់ថ្នាក់កំពូល នៃបញ្ជីពាក្យបណ្តឹងរបស់អ្នកប្រើ តែម្តង។ បញ្ហាទាក់ទងនឹងប្រព័ន្ធកម្សាន្តនេះ បានកើនឡើងពី 6.3 បញ្ហាក្នុង 100 យានយន្ត ក្នុងឆ្នាំ 2023 ដល់ 8.4 បញ្ហាក្នុង 100 យានយន្ត នៅឆ្នាំនេះ។ លើសពីនេះទៅទៀត បញ្ហាទាក់ទងនឹងស្មាតហ្វូន មានចំនួនពាក់កណ្តាលនៃបញ្ហាទូទៅបំផុត ទាំង 10 របស់ការសិក្សា ។
យ៉ាងណាក៏ដោយ J.D. Power ក៏បានចង្អុលបង្ហាញថា រថយន្តស៊េរីឆ្នាំ 2022 ភាគច្រើន ត្រូវបានផលិតឡើងក្នុងអំឡុងពេល នៃភាពតានតឹងលើខ្សែសង្វាក់ផ្គត់ផ្គង់ធ្ងន់ធ្ងរ និងកង្វះបុគ្គលិក ដែលទំនងជាកត្តារួមចំណែក ដល់ការកើនឡើងនៃបញ្ហាដែលបានរាយការណ៍ទាំងនោះ។ ដូចសព្វមួយដងអីចឹង ក្រុមហ៊ុនមួយចំនួន ទទួលបានពិន្ទុល្អជាងក្រុមហ៊ុនផ្សេងទៀត ហើយប្រភេទ Powertrain មួយចំនួន បង្ហាញឲ្យឃើញពីភាពកាន់តែគួរឲ្យទុកចិត្ត។
បញ្ហាពាក់ព័ន្ធនឹងរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ទទួលបានពិន្ទុប្រសើរជាងមុន គឺ 33 បញ្ហាក្នុង 100 យានយន្ត ហើយបន្ទាប់មកគឺ រថយន្ត Hybrid 99 បញ្ហាក្នុង 100 យានយន្ត និងរថយន្តប្រើសាំង 200 បញ្ហាក្នុង 100 យានយន្ត ខណៈប្រភេទ Plug-in Hybrid សម្បូរបញ្ហាច្រើនជាងគេ។ គួរបញ្ជាក់ឲ្យដឹងដែរថា ចំពោះម៉ាករថយន្តដែលទទួលបានពិន្ទុល្អបំផុតនោះ គឺ Lexus 100 បញ្ហាក្នុង 100 យានយន្ត និង Buick 140 បញ្ហាក្នុង 100 យានយន្ត តាមពីក្រោយដោយ Mazda, Toyota, Cadillac, Chevrolet, GMC, Porsche, BMW, Mini, Kia និង Honda។
Article image
ចំពោះរថយន្តដែលទទួលបានពិន្ទុល្អបំផុត នោះគឺ រថយន្ត Toyota  Avalon ហើយតាមពីក្រោយដោយ Toyota Corolla, BMW 3 Series, Toyota Camry និង Chevrolet Corvette នៅក្នុង Segment រៀងៗខ្លួនរបស់ពួកវា។
Toyota Avalon ជាប់ឈ្មោះជាឡានធន់ និងអាចជឿទុកចិត្តបានបំផុត ប្រចាំឆ្នាំ 2025!