Toyota bZ7 គឺជាឡាន Sedan អគ្គិសនី កម្រិត Flagship ថ្មីរបស់ Toyota ដែលទើបតែបានដាក់លក់នៅលើទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះ។ Toyota BZ7 មានតួខ្លួនប្រវែងដល់ទៅ 5.13m មានទទឹងទំហំ 1.96m និងកម្ពស់ 1.50m ហើយនិងមានគម្លាតពីកង់មុខទៅកង់ក្រោយដល់ទៅ 3.02m ដែលបានធ្វើឲ្យទំហំរបស់ឡាននេះ គឺប្រហាក់ប្រហែលទៅនឹង Tesla Model S, BYD Han L និង BMW i5 ផងដែរ។ សម្រាប់វត្តមានម៉ូដែលនេះ ត្រូវបានគេនិយាយថា គឺនឹងធ្វើអោយទីផ្សារឡានអគ្គិសនីប្រភេទ Sedan នៅប្រទេសចិន មានការប្រជែងគ្នាកាន់តែខ្លាំង។

បើនិយាយពីរូបរាងវិញឡានអគ្គិសនី Toyota BZ7 មានការឌីហ្សាញមកជាមួយនូវភាពទាន់សម័យ និងទំនើបតែម្តង។ ផ្នែកខាងមុខ គឺបានបំពាក់អំពូល Daytime Running Light LED រចនារាងដង្កៀបក្តាម និងទ្រវែងនៅផ្នែកខាងមុខ យ៉ាងទាក់ទាញ អមដោយតួខ្លួនបែបស្ព័រ ហើយនឹងមានប្រើដៃទ្វារលិបចេញចូល រួមជាមួយនិងដំបូលរាងទាល។

ឡាន Toyota bZ7 ថ្មីនេះ នឹងចែកចេញជា 2 ជម្រើស គឺ 600 Pro និង 710 Ultra LiDAR ហើយមានចម្ងាយបើកបរ 600KM និង 710KM ហើយប្រើម៉ូទ័រអគ្គិសនី 1 មានកម្លាំង 277 HP។ អ្វីដែលពិសេសនោះគឺ Toyota bZ7 បានបំពាក់ Powertrain ពីក្រុមហ៊ុន Huawei ដោយក្នុងនោះរួមមានទាំង ម៉ូទ័រ, MCU និង Inverter នៅក្នុងដុំ Unit តែមួយ ហើយក៏ប្រើប្រព័ន្ធប្រតិបត្តិការណ៍ HarmonyOS និង អេក្រង់កម្សាន្តរបស់ Huawei ផងដែរ។

លើសពីនេះទៅទៀត Toyota bZ7 បានបំពាក់ប្រព័ន្ធ Smart Ecosystem របស់ក្រុមហ៊ុន Xiaomi ដែលអាចតភ្ជាប់ឡាន ទៅកាន់ស្មាតហ្វូន និងឧបករណ៍ Smart Home របស់ក្រុមហ៊ុន Xiaomi ដែលអនុញ្ញាតឲ្យម្ចាស់ឡាន អាចគ្រប់គ្រងទៅលើឧបករណ៍ Xiaomi នៅក្នុងផ្ទះ ពីក្នុងឡានបានតែម្តង ដូចជា បញ្ជាបើកម៉ាស៊ីនត្រជាក់ផ្ទះពីក្នុងឡាន ជាដើម៕
