ស្វែងរកពួកយើង:

Toyota Camry 2026 ចេញម៉ូដែលពិសេសថ្មី Nightshade Edition ចំនួនដល់ទៅ 5 ស៊េរី

ដោយ

Koun Jab Luffy

03 ឧសភា 2025 01:28 រសៀល

អាន 2 នាទី

Article image
រថយន្ត Sedan ដ៏ពេញនិយមរបស់ក្រុមហ៊ុនជប៉ុន Toyota គឺ Camry ជំនាន់ទី 9 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីឆ្នាំ 2024 ជាមួយជម្រើសចំនួន 4 ម៉ូដែលផ្សេងគ្នា ហើយនៅពេលនេះ Toyota ក៏បានបញ្ចេញជម្រើសម៉ូដែលថ្មីទី 5 មួយទៀតដែលមានឈ្មោះថា Camry Nightshade Edition។
Toyota Camry 2026 Nightshade Edition ត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងជាមួយការរំលេចដោយពណ៌ខ្មៅនៅលើផ្នែកមួយចំនួនដូចជា ការប្រើប្រាស់យ៉ាន់ពណ៌ខ្មៅទំហំ 19-inch, តែមឡូហ្គោពណ៌ខ្មៅ និងផ្នែកខាងក្នុងពណ៌ខ្មៅ។ ហើយសម្រាប់ដៃទ្វារ ត្រឡោកកញ្ចក់មើលក្រោយទាំងសងខាង ប៉ាណាមុខ រន្ធលំហូរខ្យល់ចំហៀង ផ្នែកបាតគូទក្រោយ និងកន្ទុយ Spoiler ក៏ត្រូវបានរចនាឡើងជាមួយនឹងពណ៌ខ្មៅ ឬហៅថា Midnight black metallic ផងដែរ។ Camry 2026 Nightshade Edition មានជម្រើសជាមួយពណ៌ Ice Cap White ជាមួយជម្រើសហ្វ្រាំង Supersonic ពណ៌ក្រហម ឬពណ៌ខ្មៅ Midnight black។
Article image
Toyota ក៏បានផ្តល់នូវជម្រើសពណ៌ខាងក្នុងជាមួយពណ៌ខ្មៅ ឬហៅថា Dark Cosmos ដែលពណ៌នេះត្រូវបានក្រុមហ៊ុនពិពណ៌នាថាជាពណ៌ច្របាច់បញ្ចូលគ្នានៅពណ៌ “sultry, hazy blue color” ដែលពណ៌នេះ គឺមានប្រើតែនៅលើម៉ូដែល SE, XLE, និង XSE ប៉ុណ្ណោះ។
Article image
សម្រាប់ម៉ូដែល Nightshade Edition គឺមានសម្រាប់ម៉ូដែល Camry 2026 LE, SE, XLE, និង XSE។ រថយន្ត Sedan ដ៏ពេញនិយមរបស់ជប៉ុនទាំង 5 ម៉ូដែលនេះ គឺផ្តល់ជូននូវជម្រើសប្រើប៉ុងមួយ (FWD) និងប៉ុងពីរ (AWD) ដែលដំណើរការដោយម៉ាស៊ីនសាំងចំនុះ 2.5-Liter four-cylinder hybrid តែមួយប៉ុណ្ណោះ ដែលអាចផលិតកំលាំងបាន 225 សេះ សម្រាប់ម៉ូដែល FWD និង 232 សេះសម្រាប់ម៉ូដែល AWD ដែលដូចគ្នានឹងម៉ូដែលឆ្នាំ 2025 ដែរ។
Article image
Toyota បានបញ្ជាក់ថា រថយន្ត Camry 2026 Series នឹងទៅដល់ដៃក្រុមហ៊ុនចែកចាយលក់រាយបន្តនៅក្នុងរដូវក្តៅខាងមុខនេះ។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ Camry 2026 Series ក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ គួររំលឹកថា សម្រាប់តម្លៃវិញ Camry 2025 ម៉ូដែល Entry-Level មានតម្លៃខ្ទង់ $32,135 ខណៈម៉ូដែល XSE ដែលជា Top-End level មានតម្លៃខ្ទង់ $36,035៕
Toyota Camry 2026 ចេញម៉ូដែលពិសេសថ្មី Nightshade Edition ចំនួនដល់ទៅ 5 ស៊េរី