
ថ្មីៗនេះ ឡាន Toyota Corolla ស៊េរីឆ្នាំ 2026 ត្រូវបានក្រុមហ៊ុនបង្ហាញចេញនៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលនេះ ទទួលបានការអាប់ដេតមុខមាត់ថ្មីស្រដៀងម៉ូដែល Toyota Camry និង Prius ព្រមទាំងអាប់ដែតទៅលើកាប៊ីនខាងក្នុង កាន់តែទំនើប និងធំទូលាយជាងមុនថែមទៀតផង។
ជាមួយនិងវត្តមាននៅលើទីផ្សារប្រទេសចិននាពេលនេះ ឡាន Toyota Corolla 2026 គឺមានផ្តល់នូវជម្រើសម៉ាស៊ីនចំនួន 2 ប្រភេទគឺ៖ ទី 1 ប្រើម៉ាស៊ីនសាំង ចំណុះ 2.0L ទំហំ 4 ស៊ីឡាំងមានកម្លាំង 168 HP និង ទី 2 ប្រើម៉ាស៊ីន Hybrid ចំណុះ 1.8L ទំហំ 4 ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី 1 មានកម្លាំង 138 HP ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ 4.1L/100KM។

បើនិយាយពីរូបរាងវិញ ឡាន Toyota Corolla 2026 សម្រាប់ទីផ្សារប្រទេសចិននេះ បានបំពាក់សំណុំចង្កៀងមុខ រចនាជារាងអក្សរ C និង កាងមុខបែបស្ព័រ ក៏ដូចជា យ៉ាន់កង់ទំហំ 17 អ៊ីញថ្មី ផងដែរ។ អ្វីដែលជាការអាប់ដេតធំបំផុតមួយទៀតនោះ គឺកាប៊ីនខាងក្នុង ដោយបានរៀបចំឡើងវិញថ្មី ហើយបំពាក់អេក្រង់កម្សាន្ត ទំហំដល់ 12.9 អ៊ីញ មើលទៅកាន់តែទំនើប និងទាន់សម័យ។ មិនតែប៉ុណ្ណោះ សូម្បីតែប្លុកបញ្ជាផ្នែកកណ្តាល ក៏ត្រូវបានកែកុនថ្មី ហើយបំពាក់កុងទ័រឌីជីថល ទំហំ 8.8 អ៊ីញ៕
