
នេះគឺជាឡាន Toyota Highlander ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី $35,000 ដល់ $45,000។ គួរឲ្យដឹងដែរថា សម្រាប់ Toyota Highlander ស៊េរីឆ្នាំ 2026 ជាប្រភេទ Spec ចិននេះ ត្រូវបានសហការណ៍ផលិតដោយ ក្រុមហ៊ុន GAC និង Toyota ដោយទទួលបានការអាប់ដេតកាប៊ីនខាងក្នុង យ៉ាងទំនើបតែម្តង បើប្រៀបធៀបនឹង Toyota Highlander ស៊េរីឆ្នាំ 2026 ដែលកំពុងមានលក់នៅទីផ្សារអាមេរិក។
យ៉ាងណាក៏ដោយ ឡាន SUV នេះនៅតែបន្តប្រើម៉ាស៊ីនសាំង ចំណុះ 2.0L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 244 HP ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 (AWD)។ ចំណែកឯជម្រើសម៉ាស៊ីន Hybrid វិញ គឺ ចំណុះ 2.5L មានកម្លាំង 243 HP ហើយផ្តល់ទាំងជម្រើសប្រើប៉ុង 1 (FWD) និង ប៉ុង 2 (AWD E-Four)។

បើមើលមួយភ្លែត ឡាន Toyota Highlander ថ្មី សម្រាប់ទីផ្សារប្រទេសចិននេះ ហាក់មិនមានអ្វីផ្លាស់ប្តូរនោះទេ ប៉ុន្តែចំណុចដែលអាប់ដេតនោះ គឺផ្នែកខាងក្នុង។ វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ធំ ទំហំ 15.6 អ៊ីញ អមដោយកុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ព្រមទាំងមានកុងទ័របាញ់លើកញ្ចក់ ទៀតផង។ បើប្រៀបធៀបទៅនឹង Toyota Highlander ប្រភេទ Spec អាមេរិកវិញ គឺប្រើអេក្រង់ទំហំធំបំផុត ត្រឹម 12.3 អ៊ីញ ប៉ុណ្ណោះ ខណៈប្រភេទ Spec ទាបត្រឹម 7 និង 8 អ៊ីញ។

ក្រៅពីនោះ Highlander ចិនក៏បានកែកុនតាបឡូថ្មី បន្ថែមកន្លែងសាកថ្មទូរសព្ទឥតខ្សែ កម្លាំង 50W, បំពាក់កៅអីស្បែក Nappa Leather ពណ៌ថ្មី, ដំបូលកញ្ចក់ធំ Panoramic Roof, Speaker JBL 11 គ្រាប់ ហើយមានទាំងជម្រើស 5 កៅអី និង 7 កៅអី ទៀតផង៕


