ស្វែងរកពួកយើង:

Toyota LandCruiser Hybrid ឆ្នាំ 2026 នឹងមាននៅលើទីផ្សារអូស្ត្រាលីនាពាក់កណ្តាលឆ្នាំ 2026

ដោយ

Koun Jab Luffy

16 មិថុនា 2025 02:07 រសៀល

អាន 2 នាទី

Article image
បើតាមប្រភពព័ត៌មានចេញផ្សាយថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Toyota ត្រៀមក្នុងការប្រកាសចេញឡាន LandCruiser 300 Series ឆ្នាំ 2026 ជាមួយម៉ូដែលប្រើម៉ាស៊ីនសាំង Hybrid ដែលមានអនុភាពកម្លាំងខ្លាំងជាងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតបច្ចុប្បន្ន។ LandCruiser 300 Hybrid ឆ្នាំ 2026 ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅទីផ្សារអូស្រ្តាលីនាពាក់កណ្តាលឆ្នាំ 2026។
បច្ចុប្បន្នក្រុមហ៊ុន Toyota Australia បាននឹងកំពុងធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងឡាន LandCruiser 300 Hybrid ថ្មីឆ្នាំ 2026 ដោយបានអះអាងថា ឡាន Hybrid ថ្មីក្នុងត្រកូល LandCruiser 300 គឺនឹងផ្តល់នូវអនុភាពកាន់តែខ្ពស់ ជាមួយការសន្សំសំចៃខ្លាំង រួមនឹងការបំភាយឧស្ម័នកម្រិតទាបបំផុត។
Article image
LandCruiser 300 Hybrid ឆ្នាំ 2026 នឹងប្រើប្រាស់ម៉ាស៊ីនសាំង Hybrid ទំហំ 3.4-Litre Twin-turbo V6 និងប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលរៀបជា parallel hybrid arrangement ដែលបានប្រើនៅលើម៉ូដែលឡានភិចអាប់ Toyota Tundra ដែលលក់នៅទីផ្សារអូស្ត្រាលី និងម៉ូដែល Hybrid Lexus LX ដែលលក់នៅលើទីផ្សារសកល។
Article image
សម្រាប់ម៉ាស៊ីន V6 Hybrid system របស់ Toyota អាចផលិតកម្លាំងបាន 336kW និងកម្លាំងរមូល 790Nm ដែលមានអនុភាពកម្លាំងខ្លាំងជាងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត 3.3-litre turbo-diesel V6 ដែលមានកម្លាំង 227kW និងកម្លាំងរមូល 700Nm រួមនឹងម៉ូដែលម៉ាស៊ីនសាំង V6 ដែលមានកម្លាំង 305kW និងកម្លាំងរមូល 650Nm។ ចំនែកម៉ូទ័រអគ្គិសនីមួយដែល Toyota បានប្រើនៅលើម៉ូដែល Tundra និង Luxus LX គឺមានកម្លាំង 36kW។
Article image
ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិតផ្សេងទៀត និងតម្លៃ Toyota មិនទាន់បានបញ្ជាក់នៅឡើយទេ គ្រាន់តែមានការសន្និដ្ឋានថាម៉ូដែល LandCruiser 300 Hybrid ថ្មី 2026 នឹងមានតម្លៃថ្លៃជាងម៉ូដែល LandCruiser 300 ស្តង់ដារបច្ចុប្បន្នដែលមានតម្លៃខ្ទង់ចាប់ពី $100,000 ទៅដល់ $150,000 នៅទីផ្សារអូស្រ្តាលី (តម្លៃចេញពីរោងចក្រ)៕
Toyota LandCruiser Hybrid ឆ្នាំ 2026 នឹងមាននៅលើទីផ្សារអូស្ត្រាលីនាពាក់កណ្តាលឆ្នាំ 2026