ក្រុមហ៊ុន Toyota Australia បានធ្វើការប្រកាសចេញរថយន្តម៉ាក Toyota LandCruiser Prado ស៊េរីឆ្នាំ 2026 ជម្រើសពណ៌ខ្មៅថ្មី ឬ Black Edition បន្ទាប់ពីមួយខែក្រោយការបំពាក់នូវប្រព័ន្ធសែនស័រវ៉ាស់សំពាធខ្យល់កង់នៅលើម៉ូដែល Altitude។ ពណ៌ខ្មៅថ្មី ឬ Onyx Night ត្រូវបានប្រើនៅលើរថយន្ត sedan ម៉ាក Toyota Camry រួចហើយ។ ចំពោះការផ្លាស់ប្តូរពណ៌ថ្មីនេះបានធ្វើឲ្យ  LandCruiser Prado GX និង GXL មានជម្រើសពណ៌ជាច្រើនដូចជា Onyx Night, Glacier White, Midnight Alloy, Frosted White និង Dusty Bronze។ ចំនែកពណ៌ Ningaloo Blue និង Tanami Taupe ដែលមានដំបូលពណ៌ប្រផេះ ឬ grey two-tone ត្រូវបានប្រើនៅលើជម្រើសពណ៌នៃម៉ូដែល Prado Altitude។

សម្រាប់ម៉ូដែល LandCruiser Prado 2026 VX និង Kakadu ដែលជា Flagship Model គឺមានតែជម្រើសពណ៌ខ្មៅ Onyx Night, ពណ៌ស Frosted White និងពណ៌ទងដែង Dusty Bronze ប៉ុណ្ណោះ។ LandCruiser Prado 2026 គឺជារថយន្ត full-size SUV ជម្រើស 5-កៅអី និង 7-កៅអី ដែលផលិតដោយប្រើស្ថាបត្យកម្មគ្រោងឆ្អឹងថ្មី Toyota TNGA-F body-on-frame Platform ជាមួយការឌីស្សាញរូបរាងខាងក្រៅបែបជ្រុងៗ ឬ boxy-design ជាមួយប្រវែងតួរខ្លួន 4,925mm/ ទទឹង 1,980mm/ កំពស់ 1,935mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,850mm។

ផ្នែកកាប៊ីនរបស់ LandCruiser Prado 2026 មានបំពាក់អេក្រង់បង្ហាញព័ត៌មាន Digital ទំហំ 12.3-inch និងអេក្រង់កម្សាន្តទំហំ 12.3-inch អាចភ្ជាប់ដំណើរការមុខងារ Apple CarPlay និង Android Auto។ នៅលើម៉ូដែល Top-Trim មានបំពាក់ Speaker ម៉ាក JBL ចំនួន 14 គ្រាប់, មានមុខងារ Head-up-Display រួមនឹងដំបូលបើក Panoramic sunroof។

Toyota LandCruiser Prado 2026 មានជម្រើសនូវប្រព័ន្ធម៉ាស៊ីន Turbocharged gas, Hybrid, និង Diesel mild hybrid engine។ នៅទីផ្សារតំបន់អាស៊ី Toyota LandCruiser Prado 2026 បានប្រើប្រាស់ម៉ាស៊ីនថ្មីចំណុះ 2.4L turbocharged four-cylinder gas កម្លាំង 267 សេះ និងកម្លាំងរមួល 430N.m ខ្លាំងជាងម៉ាស៊ីន 2.7L naturally aspirated gas ដែលប្រើនៅលើម៉ូដែលឆ្នាំ 2021 ដែលមានកម្លាំង 164 សេះ និងកម្លាំងរមួល 246N.m។ ចំនែកនៅទីផ្សារមួយចំនួនផ្សេងទៀត Toyota បានផ្តល់នូវជម្រើស ប្រើម៉ាស៊ីនថ្មីចំណុះ 4.0L V6 ជំនួសឲ្យម៉ាស៊ីន 2.4L turbo កម្លាំង 278 សេះ។

រីឯម៉ូដែល LandCruiser Prado 2026 Hybrid វិញ គឺដំណើរការដោយប្រព័ន្ធ i-Force Max hybrid system របស់ Toyota គាំទ្រដោយម៉ាស៊ីន 2.4L turbo gas engine ជាមួយម៉ូទ័រអគ្គិសនីមួយ។ ម៉ូដែលនេះ អាចផលិតកម្លាំងសរុបបាន 326 សេះ និងកម្លាំងរមួល 630N.m។ ចំនែកម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតវិញនៅបន្តប្រើម៉ាស៊ីន 2.8L turbo diesel ប៉ុន្តែ Toyota បានភ្ជាប់បន្ថែមនូវប្រព័ន្ធ 48V mild hybrid system ដើម្បីជួយឲ្យដំណើរការមានភាពរលូន និងកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូត។ ម៉ូដែលនេះ អាចផលិតកម្លាំងបាន 201 សេះ និងកម្លាំងរមួល 500N.m។ គ្រប់ម៉ូដែល LandCruiser Prado 2026 ទាំងអស់ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខអូតូថ្មីចំនួន 8-វគ្គ និងដំណើរការជាមួយប្រព័ន្ធបើកបរប៉ុងពីរ ឬ 4WD ជាមួយមុខងារ Torsen limited slip center differential។

បច្ចុប្បន្នតម្លៃក្នុងទីផ្សារអូស្ត្រាលីសម្រាប់ Toyota LandCruiser Prado 2026 ម៉ូដែល GX 5-កៅអី គឺខ្ទង់ $73,200 និងម៉ូដែល Kakadu 7-កៅអី មានតម្លៃខ្ទង់ $100,690 (មិនទាន់គិតពន្ធ)។ ក្នុងខែឧសភា ឆ្នាំ 2025 កន្លងទៅ Toyota LandCruiser Prado 2026 លក់បានចំនួន 987 គ្រឿង តាមពីក្រោយ Ford Everest  ដែលលក់បានចំនួន 1,876 គ្រឿង និង Isuzu MU-X ដែលលក់បានចំនួន 1,062 គ្រឿង៕