រថយន្ត Toyota RAV4 Plug-in-hybrid ស៊េរីឆ្នាំ 2026 បានឈានជើងជាន់ទឹកប្រទេសអូស្ត្រាលីជាផ្លូវការណ៍ និងត្រៀមប្រកាសចេញលក់នៅចុងខែមិថុនា ឆ្នាំ 2026។ RAV4 PHEV នឹងក្លាយជាម៉ូដែលរថយន្ត Plug-in-hybrid ដំបូងរបស់ Toyota សម្រាប់ទីផ្សារអូស្ត្រាលី ដើម្បីធ្វើការប្រកូតប្រជែងជាមួយម៉ូដែល Mitsubishi Outlander និង Mazda CX-60។
Toyota RAV4 PHEV ឆ្នាំ 2026 នឹងដាក់តម្លៃសមរម្យសម្រាប់ប្រកូតប្រជែងតារាងតម្លៃជាមួយគូប្រកូត ដោយនឹងចាប់ផ្តើមពីតម្លៃខ្ទង់ $58,840 (តម្លៃចេញពីរោងចក្រ) សម្រាប់ម៉ូដែល XSE Two-wheel-drive និងម៉ូដែល XSE All-wheel-drive មានតម្លៃខ្ទង់ $63,340 ខណៈម៉ូដែលកំពូល GR Sport មានតម្លៃខ្ទង់ប្រហែល $66,340។ បើធៀបនឹងតម្លៃគូប្រជែងម៉ូដែល Mitsubishi Outlander PHEV ម៉ូដែល ES 5-កៅអី មានតម្លៃ $57,290 និងម៉ូដែល GSR 7-កៅអី មានតម្លៃ $73,790។ ចំនែលម៉ូដែល Mazda CX-60 PHEV មានតម្លៃចាប់ពី $63,790 ដល់ $81,990។
Toyota RAV4 PHEV 2026 បំពាក់ម៉ាស៊ីនសាំង Hybrid 2.5-litre ជាមួយម៉ូទ័រអគ្គិសនីខាងមុខមួយសម្រាប់ម៉ូដែល FWD និងបន្ថែមម៉ូទ័រអគ្គិសនីខាងក្រោយមួយទៀតសម្រាប់ម៉ូដែល AWD។ សម្រាប់ម៉ូដែល RAV4 PHEV-XSE FWD អាចផលិតកម្លាំងសរុបបាន 210kW និងម៉ូដែល XSE AWD អាចផលិតកម្លាំងសរុបបានដល់ 227kW។ ឡាន Plug-in-hybrid របស់ជប៉ុននេះ ប្រើប្រាស់កញ្ចប់ថ្មទំហំ 22.7kWh អាចបើកបរដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 121km សម្រាប់ម៉ូដែល XSE FWD និង 113km សម្រាប់ម៉ូដែល XSE AWD។
បន្ថែមពីនេះ Toyota RAV4 PHEV 2026 មានបំពាក់មកជាមួយថាសហ្វ្រាំងទំហំធំ មានប្រព័ន្ធបំលែងចរន្តភ្លើងដែលអាចផលិតកម្លាំងបាន 1500 វ៉ាត់សម្រាប់ទាញយកទៅប្រើប្រាស់ជាមួយឧបករណ៍អគ្គិសនីបានតាមរយះមុខងារ Vehicle-to-load (V2L) ថែមទៀតផង៕




