
Toyota Tacoma គឺជារថយន្ត mid-size pick-up truck ដែលមានទីផ្សារលក់ល្អបំផុតនៅទីផ្សារសហរដ្ឋអាមេរិក។ ហើយនៅពេលនេះក្រុមហ៊ុនជប៉ុន Toyota ក៏បានត្រៀមក្នុងការចេញលក់ Tacoma ម៉ូដែលថ្មីឆ្នាំ 2026 ផងដែរនៅទីផ្សារប្រទេសមហាអំណាចពិភព លោកមួយនេះ។
Toyota Tacoma 2026 ត្រូវបានក្រុមហ៊ុនធ្វើការ Updated ថ្មីមួយចំនួន ឲ្យកាន់តែមានភាពទំនើប និងភាពទាន់សម័យ រីឯតម្លៃក៏រាងថ្លៃជាងជំនាន់មុនបន្តិចដែរ។ រថយន្ត Pick up ជំនាន់ថ្មី 2026 ដែលធន់រឹងមាំ និងពេញនិយមរបស់ជប៉ុនមួយ នឹងមកជាមួយជម្រើសម៉ូដែលរហូតដល់ទៅ 27-options ផ្សេងគ្នា និងមានតម្លៃចាប់ពី $32,145 សម្រាប់ម៉ូដែលស្តង់ដារ Tacoma SR XtraCab LB ដល់ $64,350 សម្រាប់ម៉ូដែលកំពូល TRD Pro i-FORCE MAX Double Cab 4×4។

នៅលើ Tacoma 2026 ម៉ូដែល TRD Off-Road, TRD Sport និង TRD PreRunner មានការផ្លាស់ប្តូរមកប្រើប្រាស់នូវឡោហ្គួ Toyota ពណ៌ខ្មៅនៅលើសំណាញ់ប៉ាណាមុខជំនួសឲ្យ Logo បច្ចុប្បន្នដែលមានការឌីស្សាញបែប Chrome។ ជាមួយគ្នានេះនៅលើម៉ូដែល Tacoma TRD Off-Road i-Force ថ្មីក៏ទទួលបានកញ្ចប់ Premium Package ដែលរួមមានដូចជា យ៉ាន់កង់ទំហំ 17-អ៊ីង TRD ជាមួយសម្បកកង់ស៊េរី Goodyear ទំហំ 32-អ៊ីង ជាដើម។ Toyota Tacoma 2026 បានបន្ថែមពណ៌ថ្មីពីរទៀតដែលមានពណ៌ខៀវហៅថា Heritage Blue រីម៉ូដែល TRD Pro ទទួលបានពណ៌ថ្មីផ្តាច់មុខហៅថា Wave Maker។

Tacoma ឆ្នាំ 2026 មានជម្រើសពីរប្រភេទ គឺ XtraCab និង DoubleCab។ ឡាន Pick up ស៊េរីថ្មីនេះ ផ្តល់ជូននូវជម្រើសម៉ាស៊ីន 2.4-Litre Turbocharged មាន 4 ស៊ីឡាំងដែលអាចបង្កើតកម្លាំងបាន 248 សេះ និងកម្លាំងរមួល 431Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 8-វគ្គ ហើយក៏មានជម្រើសប្រអប់លេខដៃ 6-វគ្គផងដែរ។

ហើយមួយម៉ូដែលទៀត គឺជាប្រភេទប្រើម៉ាស៊ីន Plug-in-hybrid ហៅថា hybridized i-Force Max ម៉ូដែលនេះអាចបង្កើតកម្លាំងបាន 326 សេះ និងកម្លាំងរមួល 630Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 8-វគ្គ និងដំណើរការដោយប៉ុងពីរ ឬ Four-wheel-drive system៕
