
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធស៊េរីថ្មី The All New Toyota Urban Cruiser EV ដែលជារថយន្ត Compact SUV នឹងត្រៀមខ្លួនក្នុងការចេញអុកឡុកទីផ្សារនៅឆ្នាំ 2025។ រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Toyota មួយនេះ នឹងត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Brussels Motor Show ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែមករា ឆ្នាំ 2025 ខាងមុខនេះ។
Toyota Urban Cruiser EV បានខ្ចីរចនាបទពីគំរូរថយន្តអគ្គិសនី Suzuki conterpart ដែលមានការរចនារូបរាងខាងក្រៅប្រហាក់ប្រហែលគ្នានឹងម៉ូដែល Suzuki e-Vitara ដែរ។ នៅផ្នែកខាងក្នុងរបស់ Toyota Urban Cruiser EV មានបំពាក់នូវអេក្រង់កម្សាន្តទំហំ 10.1-inch និងអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch។ រថយន្ត Compact SUV ស៊េរីថ្មីរបស់ជប៉ុនមួយនេះមានប្រវែងដងខ្លួន 4,285mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,700mm។

The All New Toyota Urban Cruiser EV 2025 នឹងផ្តល់ជូននូវជម្រើសម៉ូដែលបើកបរដោយប៉ុងមួយ Front-wheel-drive (FWD) និងប៉ុងពីរ All-wheel-drive (AWD) ជាមួយជម្រើសកំលាំងចំនួនបីផ្សេងៗគ្នា និងជម្រើសកញ្ចប់ថ្ម lithium-iron-phosphate (LFP) ពីរទំហំ។

សម្រាប់ម៉ូដែល FWD នឹងមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយកំលាំង 142 សេះ (106kW) ឬ 172 សេះ (128kW) ខណៈម៉ូដែល AWD នឹងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដោយបន្ថែមនូវម៉ូទ័រមួយទៀតដែលមានកំលាំង 182 សេះ (135kW)។ សម្រាប់កញ្ចប់ថ្មវិញ គឺមានទំហំ 49kWh សម្រាប់តែម៉ូដែល FWD និងទំហំ 61kWh សម្រាប់ម៉ូដែល FWD និង AWD។

ទោះជាយ៉ាងណា នៅខណៈពេលនេះ Toyota មិនទាន់បានបញ្ជាក់ពីចម្ងាយផ្លូវដែល Urban Cruiser EV 2025 អាចបើកបាន និងបច្ចេកវិទ្យាសាកភ្លើង និងលក្ខណៈពិសេសៗផ្សេងទៀត រួមនឹងតម្លៃរបស់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួននៅឡើយទេ។ Urban Cruiser EV ចូលរួមជាមួយក្រុមរថយន្តរបស់ Toyota ដែលកំពុងរីកចម្រើននៅទីផ្សារអឺរ៉ុប។ ក្រុមហ៊ុនជប៉ុននេះមានគោលដៅក្នុងការផលិតរថយន្តដែលគ្មានការបំភាយឧស្ម័នចំនួន 15 គ្រឿងនៅក្នុងត្រកូលរថយន្តរបស់ខ្លួននៅឆ្នាំ 2026 រួមទាំងរថយន្តដំណើរការដោយថាមពលថ្ម(BEVs) ចំនួន 6 គ្រឿង ផងដែរ៕
