ស្វែងរកពួកយើង:

vivo ក្លាយជាក្រុមហ៊ុននាំមុខគេជាលើកដំបូងក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា សម្រាប់ត្រីមាសទី 3 ឆ្នាំនេះ

ដោយ

Koun Jab Luffy

19 តុលា 2024 11:46 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងទៅលើរបាយការណ៍ពីក្រុមហ៊ុន Canalys បានឲ្យដឹងថា ក្រុមហ៊ុន Vivo បានក្លាយជាក្រុមហ៊ុននាំមុខគេជាលើកដំបូងក្នុងទីផ្សារប្រទេសឥណ្ឌាសម្រាប់ត្រីមាសទីបីក្នុងឆ្នាំ 2024។ ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិនមួយនេះ លក់ស្មាតហ្វូនបានចំនួន 9.1 លានគ្រឿងសម្រាប់រយះពេលបីខែក្នុងត្រីមាសទីបីឆ្នាំ 2024 (គិតចាប់ពីខែកក្តដា ដល់ខែកញ្ញា) ដោយគ្រប់គ្រងចំណែកទីផ្សារសរុប 19% កើនឡើងពី 17% កាលពីត្រីមាសទីបី ឆ្នាំ 2023។
ចំនែកក្រុមហ៊ុនរួមស្រុក Xiaomi ដែលធ្លាប់ជាជើងឯកក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌាបានធ្លាក់មកនៅលេខរៀងទីពីរដែលលក់ស្មាតហ្វូនបានចំនួន 7.8 លានគ្រឿង មានចំនែកទីផ្សារសរុបប្រមាណ 17%។ ចំនែក Samsung ដែលធ្លាប់ជាឯករងបន្ទាប់ពី Xiaomi ក្នុងទីផ្សារស្មាតហ្វូនឥណ្ឌា បានធ្លាក់មកនៅលេខរៀងទី 3 ដោយលក់ស្មាតហ្វូនបានចំនួន 7.5 លានគ្រឿង មានចំនែកទីផ្សារសរុបប្រមាណ 16%។ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ 2023 ដែលមានចំនែកទីផ្សារសរុប 18% ជាមួយចំនួននៃការនាំចេញសរុបបានដល់ 7.9 លានគ្រឿង។
Article image
ចំនែកក្រុមហ៊ុន Oppo និង realme បានឈនៅចំណាត់ថ្នាក់លេខ 4 និងលេខ 5។ Oppo បាននាំចេញស្មាតហ្វូនបានចំនួន 6.3 លានគ្រឿងរកបានចំនែកទីផ្សារសរុប 13% ខណៈ realme លក់បានចំនួន 5.3 លានគ្រឿងមានចំនែកទីផ្សារសរុប 11% ដែលការនាំចេញមានការថយចុះប្រមាណ 8% ធៀបនឹងត្រីមាសទី 3 ក្នុងឆ្នាំ 2023។ ការនាំចេញស្មាតហ្វូនក្នុងទីផ្សារប្រទេសឥណ្ឌាមានការកើនឡើងប្រមាណ 9% ធៀបពីមួយឆ្នាំទៅមួយឆ្នាំដែលមានចំនួនសរុបប្រមាណ 47.1 លានគ្រឿងក្នុងត្រីមាសទី 3 ឆ្នាំ 2024។
Article image
អ្នកវិភាគនៅក្រុមហ៊ុន Canalys បានលើកឡើងថា ទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌានឹងបន្តនៅលើគន្លងនៃកំណើនមួយខ្ទង់យ៉ាងតិចនៅឆ្នាំ 2025។ គួរកត់សម្គាល់ថា ស្មាតហ្វូនថ្នាក់ទាបគាំទ្របច្ចេកវិទ្យាសេវា 5G ត្រូវបានគេរំពឹងថា នឹងក្លាយជាកត្តាជំរុញដ៏ចម្បងនៃកំណើននេះ ដោយសារសមត្ថភាព 5G ដែលមានតម្លៃសមរម្យ កាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារឥណ្ឌា៕
vivo ក្លាយជាក្រុមហ៊ុននាំមុខគេជាលើកដំបូងក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា សម្រាប់ត្រីមាសទី 3 ឆ្នាំនេះ