
នៅថ្ងៃនេះ មានការចេញផ្សាយព័ត៌មានថ្មីថា ក្រុមហ៊ុន vivo មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន NEX ជំនាន់ក្រោយនេះ។ ប្រធានរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 នៅឆ្នាំក្រោយ ហើយស្មាតហ្វូននេះ នឹងមានឈ្មោះហៅថា vivo NEX 5។ ក្រុមហ៊ុននេះ នឹងបោះបង់ចោលនូវលេខ 4 ចោលដោយសារតែនេះ គឺជាលេខមិនល្អនៅក្នុងអបិយជំនឿរបស់ចិន។ នៅក្នុងប្រទេសចិន លេខ 4 គឺតំណាងអោយពាក្យថាស្លាប់។
បន្ថែមពីនេះ ក៏មានសេចក្តីរាយការណ៍ថា ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Flagship Snapdragon 898។ បន្ទះឈីបនេះមានបច្ចេកវិទ្យា 4-nanometer technology ។ ស្មាតហ្វូននេះ មានក្រាហ្វិកកាត Adreno 730។ បន្ទះឈីបនេះក៏អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន iQOO 9។ ក្រុមហ៊ុន vivo ដែលត្រៀមបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅចុងឆ្នាំនេះក៏នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះផងដែរ។

កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន vivo ក៏បន្តក្នុងការពង្រីកទីផ្សាររបស់ខ្លួននៅក្រៅទីផ្សាររបស់ចិនផងដែរ។ អ្នកវិភាគរបស់ក្រុមហ៊ុន Canalys ក៏បង្ហាញនូវលទ្ធផលនៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ ហើយក្រុមហ៊ុន Vivo ក៏ជាប់ចំណាត់ថ្នាក់លេខ 4 នៅក្នុងតារាងរបស់ពិភពលោកផងដែរ។ ក្រុមហ៊ុននេះគ្រប់គ្រងទីផ្សារស្មាតហ្វូនចំនួន 10% ដែលមានការកើនឡើងពី 9% កាលពីឆ្នាំមុននេះ។

ក្រុមហ៊ុន Samsung គឺនាំមុខទីផ្សារនៅលើស្មាតហ្វូនដែលមានចំនួន 23% ហើយតួរលេខនេះ គឺដូចទៅនឹងឆ្នាំមុនផងដែរ។ ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ 2 គឺក្រុមហ៊ុន Apple ដែលមានចំនែកទីផ្សារចំនួន 15% ។ ក្រុមហ៊ុន Xiaomi ជាប់លេខ 3 ដែលមានចំណែកទីផ្សារចំនួន 14% ៕
