
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា មានស្មាតហ្វូនថ្មីទៀតហើយរបស់ក្រុមហ៊ុន Vivo ដែលមានលេខកូដ V2527A ទើបតែបង្ហាញខ្លួននៅលើ Geekbench នឹងមានការបញ្ចេញនូវរូបរាងថ្មីរបស់ស្មាតហ្វូន vivo S50 Pro Mini ផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែនេះហើយ។ សូមជំរាបថា កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាច្រើន ដោយនឹងប្តូរឈ្មោះទៅជាស្មាតហ្វូន vivo X300 FE។
ក្រុមហ៊ុន vivo បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo S50 Pro Mini ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 5 និងប្រព័ន្ធប្រតិបត្តិការ Android 16 ជាមួយនឹងរ៉េមទំហំ 16GB ហើយនិងមានពិន្ទុ 2778 នៅក្នុងការតេស្ត Single-Core និងពិន្ទុ 9344 នៅក្នុងការតេស្ត Multi-Core។ នៅលើស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយការណ៌ថា គឺមានការប្រើប្រាស់នូវក្រាហ្វិកកាត Adreno 829 ។

បន្ថែមពីនេះ ក្រុមហ៊ុន vivo ក៏បានទម្លាយអំពី Hardware របស់ស្មាតហ្វូន S50 Pro Mini ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.31 អ៊ីង flat AMOLED display ខណៈដែលកម្លាំងម៉ាស៊ីន គឺមានការគាំទ្រជាមួយនឹងរ៉េមប្រភេទ LPDDR5X RAM និងអង្គចងចាំ UFS 4.1 storage។ ទៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះវិញ គឺមានការប្រើប្រាស់នូវសិនស័រគោល VCS light-sensitive និងសិនស័រ Sony IMX882 periscope telephoto lens ហើយនិងកាមេរ៉ា 50MP Anti Distortion Selfie។

ស្មាតហ្វូនជំនាន់ថ្មី vivo S50 Pro Mini នេះ មានថាមពលថ្មទំហំ 6,500mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 90W wired charging និងបច្ចេកវិទ្យាខ្សែរ 40W wireless charging។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះក៏មានសិនស័រ ultrasonic fingerprint sensor 2.0 បច្ចេកវិទ្យា IP68/ IP69 សម្រាប់ការពារទឹក និង X-axis linear motor ក្នុងការពង្រឹងទៅលើ haptic response ផងដែរ៕
