
យោងតាមពាក្យចចាមអារ៉ាមថ្មីនៅថ្ងៃនេះ បានបង្ហាញថា Vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល vivo V30 Pro នៅចុងខែកុម្ភៈនេះ ឬនៅដើមខែខាងមុខនេះ។ មុនការសម្ពោធជាផ្លូវការ មានការរំពឹងថា ស្មាតហ្វូនថ្មីនេះ នឹង មានការប្រើប្រាស់ដូចគ្នាជាមួយនិងស្មាតហ្វូន Vivo S18 Pro ដែលបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនកាលពីខែធ្នូកន្លង ទៅនេះអញ្ចឹងដែរ។
ស្មាតហ្វូន vivo V30 Pro គឺមានលេខកូដ V2319 នេះបើតាមការបញ្ជាក់នៅលើបញ្ជី Geekbench។ នៅលើបញ្ជីនេះ មានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 8200 ជំនួសអោយបន្ទះឈីប Dimensity 9200+។ បើតាមការទម្លាយរបស់ Sudhanshu Ambhore បានបន្ថែមថា លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ ថ្មី V30 Pro គឺមានភាពខុសគ្នាពី vivo S18 Pro។

ផ្អែកតាមអ្នកទម្លាយខាងលើនេះ បានបន្តថា vivo V30 Pro មានអេក្រង់ ទំហំ 6.78-អ៊ីង មានគែមកោង និងជាកញ្ចក់ AMOLED panel បង្ហាញចេញបានទំហំ 1260x2800pixels និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ រត់នៅលើស្បែកមុខកម្មវិធី FunTouch OS 14 ផ្អែកលើ Android 14។ vivo V30 Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8200 រ៉េមទំហំ 12GB អង្គចងចាំទំហំ 512GB ហើយនិងមាមថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 80W charging support។

អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូន vivo V30 Pro មានកាមេរ៉ាមុខទំហំ 50-Megapixel ហើយនឹងមានការគាំទ្រនូវមុខងារ Autofocus។ សម្រាប់កាមេរ៉ាក្រោយវិញ គឺមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា ZEISS ដែលមានកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ខណៈដែលគ្រាប់ទីបីក៏មានទំហំ 50-Megapixel telephoto ដូចគ្នា។ ប្រៀបធៀបជាមួយនិង Vivo S18 Pro គឺប្រើប្រាស់នូវកាមេរ៉ា 12-Megapixel ប៉ុណ្ណោះ។
