
ក្រុមហ៊ុន vivo បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មី vivo V30 Series របស់ខ្លួន នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះហើយ ដោយស្មាតហ្វូនថ្មីនេះ នឹងមានម៉ូដែល vivo V30 និង vivo V30 Pro។ មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុន vivo បានបង្ហាញចេញនូវស្មាតហ្វូន vivo V30 នៅក្នុងទីផ្សារសកលមួយចំនួនរួចហើយក៏ដោយ សម្រាប់ ព័ត៌មានលម្អិតនៃស្មាតហ្វូន vivo V30 Pro ក្រុមហ៊ុននេះ នៅមិនទាន់បានចែករំលែកនូវនៅឡើយទេ។ នៅថ្ងៃនេះ ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅលើបញ្ជី GeekBench ថែមទៀតហើយ ដោយមានការទម្លាយថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Dimensity 8200 រ៉េម 12GB និងប្រព័ន្ធប្រតិបត្តិការ Android 14 ចុងក្រោយបង្អស់ថែមទៀតផង។
នៅក្នុងព័ត៌មានមួយដែលចែកចាយដោយ MySmartPrice បានរាយការណ៍ថា ស្មាតហ្វូន Vivo V30 series នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅខែក្រោយនេះហើយ គឺនៅក្នុងខែមីនា។ របាយការណ៍ខាងលើនេះ បន្តទម្លាយថា ស្មាតហ្វូន V30 series នឹងមានកាមេរ៉ា ZEISS ដែលឌីស្សាញយ៉ាងពិសេសសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា។ សូមជំរាបថា ក្រុមហ៊ុន Vivo បានសហការជាមួយនឹងក្រុមហ៊ុន Zeiss នៅក្នុងការតម្លើងនូវកាមេរ៉ាសម្រាប់ស្មាតហ្វូន flagship X-series របស់ខ្លួនចាប់តាំងពីម៉ូដែល vivo X60 series មកម្លេះ។

ហេតុនេះហើយជាមួយនឹងស្មាតហ្វូន vivo V30 series នេះ ក្រុមហ៊ុន Vivo ក៏បានពង្រីកទៅលើបច្ចេកវិទ្យាកាមេរ៉ានៃ Zeiss នេះជាលើកដំបូងបំផុតទៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន vivo បានក៏បានបង្ហាញនូវស្មាតហ្វូន V30 ជាមួយនឹងកាមេរ៉ាគោលទំហំ 50-megapixel ដែលទ្រទ្រង់ជាមួយនឹងការទ្រទ្រង់នូវ OIS និងមួយគ្រាប់ទៀតទំហំ 50-megapixel ultra-wide lens ថែមទៀតផង។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវភ្លើង Aura LED flash ជាមួយនឹងការទ្រទ្រង់ទៅលើ smart color temperature adjustment ថែមទៀតផង។ ស្មាតហ្វូន vivo មានកាមេរ៉ាខាងមុខទំហំ 50MP។

ស្មាតហ្វូន vivo V30 Series មានបន្ទះឈីប Snapdragon 7 Gen 3 រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ។ ស្មាតហ្វូននេះមានអេក្រង់ 6.78-អ៊ីង curved-edge AMOLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និង 120Hz refresh rate។ សម្រាប់មុខងារមួយទៀតនៅលើស្មាតហ្វូននេះមាន IP54 និងទម្ងន់ស្រាលត្រឹមតែ 186g ប៉ុណ្ណោះ៕

