
ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូន vivo V30 series នៅក្នុងទីផ្សារសកលឆាប់ៗនេះហើយ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ ក្រុមហ៊ុននេះ ក៏បានធ្វើការនៅលើស្មាតហ្វូន vivo V40 series ផងដែរ។ យោងតាមព័ត៌មានវិវត្តចុងក្រោយបំផុតនេះ បានបង្ហាញថា ស្មាតហ្វូន Vivo V40 SE 5G នេះ ទើបតែទទួលបាននូវការអនុម័តចេញពីវិញ្ញាបនបត្រ GCF ថ្មីមួយទៀតហើយ។
សូមជំរាបថា កាលពីដើមខែនេះ នៅក្នុងប្រព័ន្ធទិន្នន័យមួយនៃវិញ្ញាបនបត្រ Bluetooth SIG ស្មាតហ្វូន vivo V40 SE 5G បានបង្ហាញខ្លួនជាមួយនិងលេខកូដ V2337 ហើយស្មាតហ្វូនដដែលនេះ ក៏បានបង្ហាញខ្លួននៅលើប្រព័ន្ធទិន្នន័យ GSMA IMEI database កាលពីដើមខែនេះដូចគ្នា ជាមួយនឹងឈ្មោះថ្មីហៅថា Vivo V40 Lite 5G ផងដែរ។ សម្រាប់ GCF នេះក៏បានអនុម័តទៅលើស្មាតហ្វូនដែលមានលេខកូដ V2337 ដែលមានឈ្មោះហៅថាVivo V40 SE 5G ថែមទៀតផង។

នៅលើវិញ្ញាបនបត្រ GCF នេះ ថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូននេះក៏មានប្រើប្រាស់នូវ cellular networks ផ្សេងគ្នាផងដែរ។ នៅក្នុងបញ្ជីរបស់ GCF នោះ ស្មាតហ្វូន vivo V40 SE 5G នេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ខណៈពេលដែលស្មាតហ្វូន V40 SE នឹងទ្រទ្រង់ទៅលើ networks ជាច្រើនដែលក្នុងនោះមាន n1, n2, n3, n5, n8, n20, n38, n40, n41, n66, n77 និង n78 ថែមទៀត។

បន្ថែមពីនេះ ស្មាតហ្វូន vivo V40 SE 5G នេះ ក៏ត្រូវបានគេឃើញមានវត្តមាននៅលើបញ្ជីនៃ Google Play Supported Devices រួចហើយ។ ស្មាតហ្វូននេះ មានការបង្ហាញខ្លួនជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន ហើយនិងមានការទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 នៅក្នុងឆ្នាំនេះថែមទៀតផង។ ស្មាតហ្វូន Vivo V40 SE / V40 Lite នេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 695 របស់ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm ដែលប្រកាសជាផ្លូវការកាលពីខែធ្នូ ឆ្នាំ 2023។
ស្មាតហ្វូន vivo V40 SE 5G មានអេក្រង់ទំហំ 6.67-អ៊ីង កញ្ចក់ AMOLED កម្រិត FHD+ ល្បឿន 120Hz និងរត់នៅលើ FunTouch OS 13 ដែលផ្អែកជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 13។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50-megapixel គាំទ្រជាមួយនឹងមុខងា autofocus និងមានកាមេរ៉ាខាងក្រោយទំហំ 64-megapixel (OIS) + 8-megapixel (ultra-wide) + 2-megapixel (macro) ហើយនិងមានថាមពលថ្មទំហំ 4,800mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យា 44W fast charging ថែមទៀតផង៕
