
នៅពេលនេះ ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី vivo V70 Series របស់ខ្លួនថែមទៀតហើយស្របដែលស្មាតហ្វូនជំនាន់ថ្មី vivo V70 Lite 4G ក៏ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Bluetooth SIG និង FCC រួចហើយដូចគ្នា។ នៅក្នុងបញ្ជីខាងលើនេះ ក៏មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ គួរបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo V70 ដែលជាម៉ូដែលស្តង់ដារ ក្នុងត្រកូល X-Series នេះ ក៏មានការបង្ហាញខ្លួននៅលើបញ្ជី IMEI Database រួចហើយដែរ ជាមួយនិងលេខកូដ V2538។
តាមរយៈនៃបង្ហាញខ្លួននៅលើវេទិកា Geekbench benchmarking platform នេះ បញ្ជាក់ថា ស្មាតហ្វូន vivo V70 មានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 4 ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់មុន vivo V60 រួចហើយ។ ស្មាតហ្វូន vivo V70 នឹងមានរ៉េមទំហំចាប់ពី 8GB ហើយនិងគាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Android 16 OS។ ស្មាតហ្វូនថ្មីនេះមានពិន្ទុ 1235 នៅក្នុងការតេស្ត single-core និងពិន្ទុ 3920 នៅក្នុងការតេស្ត multi-core។

សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ក្រុមហ៊ុន vivo ត្រូវបានគេរំពឹងថា នឹងបង្ហាញស្មាតហ្វូន vivo V70 នៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានត្រៀមបង្ហាញចេញនូវស្មាតហ្វូន vivo X300 series នៅក្នុងទីផ្សារមួយចំនួន នៅអាស៊ីផងដែរខណៈពេលដែលនៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី 1 ក្នុងខែធ្នូខាងមុខនេះ។

បន្ថែមពីនេះក្រុមហ៊ុន vivo ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo S50 និង S50 Pro Mini នៅក្នុងប្រទេសចិននៅក្នុងខែធ្នូខាងមុខនេះដូចគ្នា។ ស្មាតហ្វូន Pro Mini ត្រូវបានគេរំពឹងថា អាចជាម៉ូដែលសម្រាប់ទីផ្សារសកលជាមួយនឹងឈ្មោះហៅថា vivo X300 FE ខណៈពេលដែលស្មាតហ្វូន S50 អាចជាស្មាតហ្វូន vivo V70៕
