ស្វែងរកពួកយើង:

vivo X Fold 3 Series និង vivo Pad 3 ទំនងជាប្រកាសចេញនៅខែមិនា ខណៈ vivo X100 Ultra នឹងបង្ហាញខ្លួននៅខែមេសា

ដោយ

Koun Jab Luffy

29 មករា 2024 09:44 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុមផលិតស្មាតហ្វូនជាច្រើនត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសចេញផលិតផលស្មាតហ្វូន និងផលិតផលថ្មីរបស់ពួកគេនៅពេលបន្ទាប់ពីពិធីបុណ្យវិស្សមកាលនិទាឃរដូវរបស់ប្រទេសចិននាពេលខាងមុខនេះ។ ក្នុងនោះក្រុមហ៊ុន vivo ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញឧបករណ៍ជំនាន់ថ្មីរបស់ខ្លួននៅត្រីមាសដំបូងក្នុងឆ្នាំ 2024 នេះ។ ហើយថ្មីនេះ បើតាមការទម្លាយចេញពី digital chat station បាននិយាយថា vivo នឹងធ្វើការប្រកាសចេញស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មី vivo X Fold 3 Series និង vivo X100 Ultra។
បើតាមការបង្ហោះនៅលើគណនី Weibo ថ្មីៗនេះ បានបញ្ជាក់ថា vivo នឹងធ្វើការប្រកាសចេញស្មាតហ្វូនអក្រង់បត់ជំនាន់ថ្មី និង Tablet ជំនាន់ថ្មី នៅក្នុងខែមិនា។ ដោយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះត្រូវបានគេដឹងថាជា vivo X Fold 3 និង X Fold 3 Pro រី Tablet គឺជា vivo Pad 3។ ប្រភេទដដែលក៏បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពី X Fold 3 Series និង Pad 3 ក្រុមហ៊ុនក៏នឹងធ្វើការប្រកាសចេញស្មាតហ្វូន vivo X100 Ultra នៅពេលបន្ទាប់ផងដែរ។ Digital Chat Station បាននិយាយថា សម្រាប់ vivo X Fold 3 គឺនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 ខណៈ vivo X Fold 3 Pro នឹងបំពាក់ឈីប Snapdragon 8 Gen 3។
សម្រាប់ vivo X Fold 3 គឺនឹងមានបំពាក់នូវប្រព័ន្ធមុខងារទូទៅដូចនៅលើជំនាន់មុនដែរ ដោយឡែកសម្រាប់ម៉ូដែល vivo X Fold 3 Pro ត្រូវបានគេរំពឹងថា នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកំពូលផ្តាច់មុខដែលមានដូចជាបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ Under-Display Fingerprint, បច្ចេកវិទ្យាសាកថ្មឥតខ្សែ wireless charging រួមនឹងប្រព័ន្ធកាមេរ៉ា Periscope telephoto ទំហំ 64MP ជាដើម។ ដោយឡែកសម្រាប់ vivo Pad 3 វិញត្រូវបានគេរំពឹងថា នឹងបំពាក់នូវកំពូលឈីប MediaTek Dimensity 9300 រួមជាមួយបច្ចេកវិទ្យាអេក្រង់កម្រិត 3K ទំហំ 13 អ៊ីង និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging។
Article image
ចំពោះ vivo X100 Ultra វិញនឹងត្រូវប្រកាសចេញនៅពេលបន្ទាប់ពី vivo X Fold 3 Series និង Pad 3 ដែលទំនងជាបង្ហាញខ្លួននៅត្រីមាសទីពីរ អាចនៅក្នុងខែមេសា ឬខែឧសភា ឆ្នាំ 2024។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះនឹងបំពាក់បច្ចេកវិទ្យាអេក្រង់ Samsung E7 AMOLED Display, ប្រើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 និងមានប្រព័ន្ធកាមេរ៉ាក្រោយចំនួន 4 គ្រាប់ដែលភ្ជាប់ដោយសែនស័រមេទំហំ 50MP ជា Sony LYT-900។ កំពូលស្មាតហ្វូនជំនាន់ថ្មីមួយនេះ ក៏នឹងមានថ្មទំហំ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W Wired Fast Charging និង 50W Wireless Fast Charging ថែមទៀតផង៕
vivo X Fold 3 Series និង vivo Pad 3 ទំនងជាប្រកាសចេញនៅខែមិនា ខណៈ vivo X100 Ultra នឹងបង្ហាញខ្លួននៅខែមេសា