ស្វែងរកពួកយើង:

vivo X100s Pro ដែលដំណើរការនៅលើ Dimensity 9300 Plus ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមានឆាប់ៗនេះ

ដោយ

Koun Jab Luffy

24 មីនា 2024 03:00 រសៀល

អាន 2 នាទី

Article image
ឆាប់ៗនេះ នៅលើទីផ្សារស្មាតហ្វូនប្រទេសចិន នឹងមានការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីៗរបស់ក្រុមហ៊ុន vivo ជាច្រើនម៉ូដែល។ យោងតាមការចេញផ្សាយមុននេះ គឺបានបញ្ជាក់ថា នៅថ្ងៃទី 26 ខែមីនាខាងមុខនេះ ក្រុមហ៊ុន vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 3 series និងថេប្លេត Vivo Pad 3 Pro ហើយនិងកាស Vivo TWS 4 ផងដែរ។ ទាក់ទងនឹងព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះ ក៏ត្រូវបានគេនិយាយថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន vivo X100s series និងស្មាតហ្វូន vivo X100 Ultra ដែលជាម៉ូដែលប្រណិតរបស់ខ្លួនផងដែរ។
ថ្មីៗនេះមានការបញ្ជាក់ថា ស្មាតហ្វូន X100s អាចនឹងមានវត្តមាននៅលើទីផ្សារឥណ្ឌានាខែមេសាខាងមុខនេះ ខណៈដែល X100s Pro ក៏ត្រួវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន 3C certification នៅក្នុងប្រទេសចិន រួចហើយដួចគ្នា។ សូមជំរាបថា ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូន vivo X100 និង X100 Pro នៅលើទីផ្សារប្រទេសចិន កាលពីខែវិច្ឆិកាឆ្នាំមុននេះ ដោយស្មាតហ្វូននេះ គឺជាម៉ូដែលដំបូងគេបំផុតនៅលើពិភពលោក ដែលមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9300។
Article image
ស្មាតហ្វូននេះបានបង្ហាញវត្តមាននៅចិនជាមួយលេខម៉ូដែល V2309A និងV2324A។ នៅថ្ងៃនេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Vivo X100s និង X100s Pro គឺនឹងមានអក្សរ H នៅខាងក្រោយ។ ស្មាតហ្វូនជំនាន់ថ្មី X100s និង X100s Pro ត្រូវគេរាយការណ៌ថា គឺមានការប្រើប្រាស់នូវលេខម៉ូដែល 2309HA និង V2324HA។ យោងតាមការបញ្ជាក់នៅលើរូបភាពផ្សព្វផ្សាយ Screenshot បានបង្ហាញនៅលើ 3C authority ក្នុងប្រទេសចិន បានទទួលស្គាល់ថា ស្មាតហ្វូន Vivo X100s Pro គឺមានលេខម៉ូដែល V2324HA។ នៅលើបញ្ជី 3C នេះ ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នួវឆ្នាំកសាកកម្លាំង 120W fast charger ថែមទៀតផង។
គួរបញ្ជាក់ថា កាលពីមុននេះ ស្មាតហ្វូនជំនាន់ថ្មី ដែលមានលេខម៉ូដែលដូចគ្នានេះ ក៏បានឆ្លងកាត់ការធ្វើតេស្តនៅលើស្ថាប័ន Geekbench ជាមួយនិងបន្ទះឈីប Dimensity 9300 ផងដែរ។ ដូច្នេះ ផ្អែកលើព័ត៌មានខាងលើនេះ មានការសង្ស័យថា ស្មាតហ្វូន Vivo X100s Pro អាចនឹងក្លាយជាម៉ូដែលដំបូងគេ ដែលនឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9300 Plus ផងដែរ។ បន្ថែមពីនេះក៏មានការរំពឹងដែរថា X100s នឹងបង្ហាញវត្តមានជាមួយនិងម៉ូដែល Pro ក្នុងពេលតែមួយថែមទៀតផង។
vivo X100s Pro ដែលដំណើរការនៅលើ Dimensity 9300 Plus ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមានឆាប់ៗនេះ