
ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នៅប៉ុន្មានខែខាងមុខទៀតនេះ។ ដោយក្នុងនោះម៉ូដែល vivo X200 និង X200 Pro អាចនឹងបង្ហាញខ្លួនផ្លូវការណ៍នៅក្នុងខែតុលាឆ្នាំ 2024 នេះ នៅខណៈដែលម៉ូដែល vivo X200 Ultra នឹងត្រូវបង្ហាញវត្តមានក្នុងខែណាមួយនៃឆមាសដំបូងក្នុងឆ្នាំ 2025។
ហើយនៅក្នុងថ្ងៃនេះដែរ តាមគណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ចិន គឺ Digital Chat Station បានធ្វើការទម្លាយចេញនូវព័ត៌មាននៃប្រព័ន្ធកាមេរ៉ា Periscope telephoto ដែលនឹងប្រើនៅលើ vivo X200 Series។ បើតាមប្រភពបានបង្ហាញតម្រុយថា vivo X200 Pro នឹងបំពាក់ប្រព័ន្ធសែនស័រកាមេរ៉ាទំហំ 200MP ខ្នាត 1/1.4-inch ដែលមានកម្រិត aperture f/2.67 ជាមួយកម្រិត 85mm focal length ដែលវាជាសែនស័រ Periscope telephoto ស៊េរី S5KHP9 របស់ Samsung ដែលបានប្រើនៅលើម៉ូដែល vivo X100 Ultra។
ទោះជាយ៉ាងណាមិនទាន់ច្បាស់ទេថាតើ vivo X200 Pro ត្រូវទទួលបានការប្រើប្រាស់សែនស័រ Periscope telephoto របស់ជំនាន់ X100 Ultra ឬក៏ម៉ូដែល X200 Ultra ដែលជាអ្នកបន្តដំណែងនៃការប្រើប្រាស់សែនស័រមួយនេះ។ តាមរបាយការណ៍ជាច្រើនបាននិយាយថា Vivo X200 គឺជា Compact Flagship Smartphone ដែលនឹងមានអេក្រង់ទំហំ 6.4-inch ឬ 6.5-inch ជាប្រភេទអេក្រង់រាបស្មើ flat-OLED Display។ ចំនែកម៉ូដែល vivo X200 Pro វិញ គឺនឹងបំពាក់អេក្រង់ទំហំធំជាងជាប្រភេទ OLED Display ដូចគ្នា ប៉ុន្តែ អាចនឹងមានការឌីស្សាញបែបកោងគែមទាំងបួន micro curvature។

បន្ទះអេក្រង់អេក្រង់របស់បងប្អូនកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នឹងគាំទ្រកម្រិតបង្ហាញ 1.5K និងមានល្បឿន 120Hz refresh rate។ vivo X200 និង X200 Pro នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9400។ ដោយឡែកសម្រាប់បងធំ vivo X200 Ultra វិញ នឹងបំពាក់បន្ទះឈីប Qualcomm snapdragon 8 Gen 4 ជាមួយនឹងបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់ដល់កម្រិត 2K-120Hz OLED Screen៕
