
របាយការណ៍ជាច្រើនបាននិយាយថា vivo នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នៅក្នុងខែតុលា ឆ្នាំ 2024 នេះនៅក្នុងប្រទេសចិន។ បើតាមប្រភពព័ត៌មានកន្លងមកបាននិយាយថា vivo X200 Pro នឹងមានអេក្រង់ទំហំ 6.7-អ៊ីង Display ជាមួយការឌីស្សាញគែមបែបកោងបន្តិច micro-curvature និងមានគែមតូចស្តើងបំផុត “Ultra-thin bezel”។ បន្ទះអេក្រង់ OLED របស់ X200 Pro គាំទ្រកម្រិតបង្ហាញ 1.5K ជាមួយល្បឿន 120Hz refresh rate, គាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរលើអេក្រង់ប្រភេទ Ultrasonic fingerprint scanner។
ប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានសមាជិកដូចជា vivo X200, X200 Pro និង X200 mini។ ហើយនៅពេលនេះ គណនីទម្លាយព័ត៌មាន Digital Chat Station បានធ្វើការទម្លាយព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងប្រព័ន្ធកាមេរ៉ាដែលនឹងបំពាក់នៅលើ vivo X200 Series។ បើតាមការបញ្ជាក់ពី Digital Chat Station បាននិយាយថា vivo X200 Series នឹងប្រើបន្ទះឈីប MediaTek Dimensity 9400។

ប្រភពក៏បានទម្លាយទាក់ទងនឹងប្រព័ន្ធកាមេរ៉ាដែលនឹងត្រូវដំឡើងនៅលើម៉ូដែល vivo X200 Pro ដូច្នេះថា សម្រាប់ X200 Pro គឺនឹងប្រើប្រាស់នូវសែនស័រកាមេរ៉ាគោលថ្មីរបស់ Sony ទំហំ 50MP CMOS sensor ប្រើនូវបច្ចេកវិទ្យាថ្មី 22nm process technology បើធៀបនឹង Sony IMX989 ដែលប្រើនៅលើ vivo X100 Pro ដែលប្រើនូវខ្នាត 40nm node process។ ដោយ CMOS sensor ថ្មីនេះមានទំហំតូចត្រឹម 1/1.28-អ៊ីង និងមាន Aperture ធំដល់ f/1.5 ដែលនឹងជួយដល់ការស្រូបនូវកម្រិតពន្លឺបានល្អប្រសើរជាងមុននៅពេលថតនៅទីតាំងខ្សោយពន្លឺជួយឲ្យគុណភាពរូបភាពបានច្បាស់ល្អបំផុត។

បន្ថែមពីនេះ នៅលើ vivo X200 Pro ក៏នឹងបំពាក់នូវសែនស័រ periscope telephoto ទំហំធំដល់ 200MP ដូចគ្នានឹងម៉ូដែល vivo X100 Ultra បច្ចុប្បន្នដែរ។ ដោយសែនស័រនេះ គឺមានទំហំ 1/1.4-អ៊ីង និងមានកម្រិត Aperture f/2.67។ ជាមួយគ្នានេះ vivo X200 Pro ក៏នឹងបំពាក់សែនស័រ Ultra-wide ទំហំ 50MP ផងដែរ រួមទាំងមានជំនួយពីប្រព័ន្ធបន្ទះឈីបថ្មីដែលអភិវឌ្ឍដោយ vivo ផ្ទាល់ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានថ្មទំហំធំបំផុតដល់ 6,000mAh ផងដែរ៕
