
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយមុននេះបាននិយាយថា ក្រុមហ៊ុន Vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល vivo X200 series នៅខែតុលាខាងមុខនេះហើយ។ ស្របពេលជាមួយនិងដំណឹងនេះ អ្នកទម្លាយ Digital Chat Station ក៏បានចែកចាយនូវព័ត៌មានថ្មីៗស្តីពីកាមេរ៉ា Periscope Telephoto ដែលប្រើប្រាស់នៅលើស្មាតហ្វូនម៉ូដែល X200 Pro ផងដែរ។ ផ្អែកតាមអ្នកទម្លាយរូបនេះ គឺបានបញ្ជាក់ថា នៅលើស្មាតហ្វូនជំនាន់ថ្មី X200 Pro ក៏នឹងមានការផ្លាស់ប្តូរសិនស័រកាមេរ៉ាគោលផងដែរ។
ប៉ុន្តែអ្នកទម្លាយរូបនេះ មិនបានបញ្ជាក់បន្ថែមពីព័ត៌មានជាក់លាក់របស់កាមេរ៉ាថ្មីនេះនៅឡើយទេ។ បើមើលទៅលើការផុសនៅលើបណ្តាញ Weibo បានបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនខាងលើនេះ អាចជាម៉ូដែល Vivo X200 Pro។ ការបែកធ្លាយខាងលើនេះបានបន្តថា ស្មាតហ្វូន X200 Pro នឹងមានការប្រើប្រាស់នូវ 22nm Sony sensor។ ជាមួយគ្នានេះ ក៏មានសន្និដ្ឋានថា សិនស័រថ្មីនេះ គឺមានទំហំ 50-Megapixel គាំទ្រដោយកម្រិត sensor 1/1.28-inch size និង f/1.57 aperture។

សូមជំរាបថា Vivo X100 Pro ដែលបានបង្ហាកវត្តមាននៅលើទីផ្សារកាលពីខែតុលាឆ្នាំ 2023 គឺមានការបំពាក់នូវសិនស័រកាមេរ៉ាទំហំ 1-អ៊ីង Sony IMX989 50-Megapixel។ ប្រៀបធៀបជាមួយនិង X200 Pro វិញ អាចនឹងមានការប្រើប្រាស់នូវសិនស័រកកាមេរ៉ាគោលកាន់តែមានទំហំតូច ប៉ុន្តែមានសមត្ថភាពខ្ពស់នៅក្នុងការផលិតរូបភាព។ មានការព្យាករណ៌ថា កាមេរ៉ានៅលើស្មាតហ្វូន X200 Pro នឹងផ្តល់នូវសមត្ថភាពខ្ពស់ទៅលើការផលិតរូបភាពក្នុងកម្រិត low-light performance និង depth of field control។
យោងតាមរបាយការណ៌ថ្មីៗនេះ បាននិយាយថា vivo X200 Pro អាចនឹងមានការប្រើប្រាស់នូវកាមេរ៉ា 200-Megapixel ទៅលើឡែន periscope telephoto camera។ ស្មាតហ្វូន Series នេះ ក៏អាចនឹងមានការបង្ហាញវត្តមានជាមួយនិងបច្ចេកវិទ្យា True-TCG HDR technology និង VCS 3.0 ដែលជាបន្ទះឈីបអភិវឌ្ឍដោយខ្លួនឯងថែមទៀតផង។ កាមេរ៉ានេះ ក៏នឹងផ្តល់អោយអ្នកប្រើប្រាស់ផលិតរូបភាព night scene photography និង portrait shooting ហើយនិង telephoto បានល្អជាងមុនផងដែរ។

Vivo X200 Pro អាចនឹងមានអេក្រង់ទំហំ 6.7-អ៊ីង OLED ដែលមានគែមកោងគ្រប់ជ្រុង ហើយនិងអាចបង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate រួមជាមួយនិងប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor ទៀតផង។ ស្មាតហ្វូននេះ ត្រូវគេបញ្ជាក់ថា នឹងដំណើរការនៅលើបន្ទះឈីប Dimensity 9400។
