ស្វែងរកពួកយើង:

vivo X200 Series ត្រៀមបង្ហាញខ្លួនលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

09 វិច្ឆិកា 2024 10:33 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 14 ខែវិច្ឆិកា ត្រូវនឹងសប្តាហ៍ក្រោយនេះ vivo នឹងធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី vivo X200 Series ដែលមានដូចជា X200, X200 Pro និង X200 mini នៅទីផ្សារប្រទេសចិន។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាស្មាតហ្វូនដំបូងគេក្នុងលោកដែលបានប្រើកំពូលឈីបជំនាន់ថ្មីរបស់ MediaTek គឺ Dimensity 9400។
ជាមួយគ្នានេះសម្រាប់ម៉ូដែល vivo X200 និង X200 Pro សម្រាប់ទីផ្សារសកល គឺបានទទួលវិញ្ញាណបនបត្រពីស្ថាប័នពាក់ព័ន្ធជាច្រើនរួចហើយ ដែលសបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងត្រូវប្រកាសចេញលក់នៅទីផ្សារជាច្រើននៅទូទាំងពិភពលោកនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបង្ហាញវត្តមានផ្លូវការណ៍នេះប្រទេសចិន។ ហើយនៅពេលនេះ ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ ក៏ទទួលបានវិញ្ញាណបនបត្របញ្ជាក់ពីស្ថាប័ន NBTC របស់ប្រទេសថៃបន្ថែមទៀតផងដែរ បន្ទាប់ពីទទួលបានពីស្ថាប័នដូចជា ECC របស់សហភាពអឺរ៉ុប, SIRIM របស់ម៉ាឡេស៊ី, TKDN និង SDPPI របស់ឥណ្ឌូនេស៊ី។
នៅលើវិញ្ញាណបនបត្រស្ថាប័នទាំងនេះបង្ហាញថា vivo X200 និង X200 Pro មានលេខកូដសំគាល់ម៉ូដែល V2415 និង V2413។ ជាមួយគ្នានេះស្ថាប័ន NCC របស់តៃវ៉ាន់ក៏បានបញ្ជាក់ទទួលស្គាល់សម្រាប់ម៉ូដែល X200 Pro ផងដែរ។ តាមរូបភាព screenshot បង្ហាញពីថា ស្មាតហ្វូនទាំងពីរម៉ូដែលនេះទទួលបានការបញ្ជាក់ពីស្ថាប័ន Bluetooth SIG, BIS របស់ប្រទេសឥណ្ឌា និង NBTC របស់ប្រទេសថៃ។
Article image
យ៉ាងណាមិញសម្រាប់ម៉ូដែល vivo X200 mini មិនទាន់ទទួលបានការបញ្ជាក់ស្ថាប័នណាមួយសម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារសកលនោះទេ ដែលនេះអាចបញ្ជាក់ថាម៉ូដែល mini គឺមានលក់តែសម្រាប់ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ បើតាមការចេញផ្សាយពីគេហទំព័រ 91mobiles.com កាលពីខែមុនបញ្ជាក់ថា vivo X200 និង X200 Pro នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសឥណ្ឌានាចុងខែវិច្ឆិកានេះ ឬនៅដើមខែធ្នូ។
Article image
Vivo X200 និង X200 Pro នឹងក្លាយជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុនដែលគាំទ្រការដំឡើងប្រតិបត្តិការ Android 15 ចេញពីប្រអប់ស្រាប់តែម្តង។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីររបស់ vivo នឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹង OPPO Find X8 និង Find X8 Pro ដែលនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗខាងមុខនេះ ជាមួយការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 ដូចគ្នា។ យ៉ាងណាមិញ vivo មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទក្នុងការប្រកាសចេញ X200 Series នៅលើទីផ្សារសកលនោះទេ ខណៈដែរ OPPO បានបញ្ជាក់ផ្លូវការណ៍រួចហើយថា Find X8 Series នឹងមានលក់នៅលើទីផ្សារជាច្រើនក្នុងខែវិច្ឆិកានេះ៕
vivo X200 Series ត្រៀមបង្ហាញខ្លួនលើទីផ្សារសកលឆាប់ៗនេះហើយ