
ក្រុមហ៊ុន vivo ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល vivo X200 Series ដែលមានដូចជា X200 និង X200 Pro នៅខែតុលា ឆ្នាំនេះ។ បើតាមការចេញផ្សាយនៅលើគណនី Weibo ល្បីឈ្មោះរបស់ចិន គឺ Digital Chat Station បានបង្ហើបឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ vivo ទាំងពីរម៉ូដែលនេះ គឺនឹងប្រើបន្ទះឈីប MediaTek Dimensity 9400 ដូចគ្នា។
លើគណនីដដែលបានបន្ថែមទៀតថា ស្មាតហ្វូន vivo X200 Series នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ OLED Display កម្រិតបង្ហាញ 1.5K ដូចគ្នា គ្រាន់តែនៅលើម៉ូដែល X200 អាចនឹងប្រើអេក្រង់ Flat-Screen ទំហំ 6.78-inch ខណៈ X200 Pro អាចនឹងប្រើអេក្រង់កោងគែម Curved-edge display ទំហំ 6.8-inch ឬ 6.7-inch។ ប្រភពដដែលបានបញ្ជាក់ទៀតថា vivo X200 Series នឹងមានការឌីស្សាញប្រព័ន្ធកាមេរ៉ាក្រោយថ្មីជាមួយការបំពាក់សែនស័រទំហំ 50MP ចំនួនបីគ្រាប់ ដោយក្នុងក៏មានសែនស័រ Periscope Telephoto កម្រិត 3x Optical-zoom ផងដែរ។

vivo X200 នឹងមានការបំពាក់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ប្រភេទ Optical Under-Screen fingerprint រួមជាមួយបន្ទះឈីបជំនាន់ថ្មីសម្រាប់ជំនួយដល់ប្រព័ន្ធដំណើរការកាមេរ៉ាដែលផលិតដោយ vivo ផ្ទាល់ថែមទៀតផង។ ចំនែកម៉ូដែល Vivo X200 Pro ត្រូវបានបញ្ជាក់នាពេលកន្លងមកថា គឺនឹងប្រើនូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពកម្រិតខ្ពស់ Ultrasonic In-Display Fingerprint Sensor ហើយម៉ូដែល X200 Pro ក៏នឹងមានថ្មទំហំធំជាង 5,400mAh ដែលប្រើនៅលើជំនាន់មុខ គឺ vivo X100 Pro ដែលចេញនៅឆ្នាំមុនផងដែរ៕
