
ជឿជាក់ថា គ្រប់គ្នាប្រាកដជាបានឃើញនូវស្មាតហ្វូនជំនាន់ថ្មី Vivo X200T ម្តងរួចហើយ កាលពីខែវិច្ឆិកាកន្លងទៅនេះ។ ស្មាតហ្វូនម៉ូដែលថ្មីរបស់ក្រុមហ៊ុនចិនមួយនេះ ត្រូវគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌានាពេលឆាប់ៗនេះហើយ។ ថ្ងៃបនេះ នៅមុនការប្រកាសចេញជាផ្លូវការនោះ មានរបាយការណ៍ថ្មី បានទម្លាយអំពីលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូនថ្មីនេះ។ នៅក្នុងការបែកធ្លាយចុងក្រោយបំផុត ដែលដកស្រង់ចេញពីអ្នកទម្លាយ Abhishek Yadav បានបញ្ជាក់ថា ស្មាតហ្វូន vivo X200T នេះ នឹងមានការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូន Vivo X200 FE។
ស្មាតហ្វូន vivo X200T ថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9400+ បើប្រៀបធៀបទៅនឹងស្មាតហ្វូន X200 FE កន្លងមក គឺប្រើប្រាស់ត្រឹមតែបន្ទះឈីប Dimensity 9300+ ប៉ុណ្ណោះ។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធសិនស័រស្កែនម្រាមដៃ 3D Ultrasonic សម្រាប់ការពារសុវត្ថិភាពថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ក៏មានថាមពលថ្មធំនៅក្នុងការប្រើប្រាស់ផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 90W wired fast charging និង 40W wireless fast charging។

ទៅលើកាមេរ៉ាស្មាតហ្វូនថ្មីនេះវិញ គឺមានការបំពាក់នូវកាមេរ៉ា 50MP ចំនួន 3 គ្រាប់ ដែលមានកាមេរ៉ាគោល កាមេរ៉ា Telephoto និងកាមេរ៉ា Ultra-Wide។ ជាមួយគ្នានេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការបំពាក់នូវប្រព័ន្ធ 4.5K Nanofluids VC Heat Dissipating System និងបច្ចេកវិទ្យា Frame Interpolation Technologies ផងដែរ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន vivo X200T នេះ អាចអាប់ដេតទៅលើ Android OS បានដល់ទៅ 5 ឆ្នាំ និងអាចអាប់ដេតសុវត្ថិភាព Security patch ដល់ទៅ 7 ឆ្នាំ។ ក្រុមហ៊ុន vivo បានត្រៀមប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងទីផ្សារប្រទេសឥណ្ឌា នៅចុងខែមករាឆ្នាំ 2026 ខាងមខុនេះហើយ៕
