
ក្រុមហ៊ុន Vivo ត្រូវបានគេរំពឹងថានឹងប្រកាសចេញស្មាតហ្វូន vivo X300 Pro នៅក្នុងខែតុលាឆ្នាំ 2025 ខាងមុខនេះហើយ ដោយស្មាតហ្វូនថ្មីនេះ នឹងមានការផ្តោតទៅលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា ថាមពលថ្មដ៏ខ្លាំងក្លា និងបច្ចេកវិទ្យាកាមេរ៉ាថ្មីកម្រិតខ្ពស់ថែមទៀតផង។ យោងតាមអ្នកទម្លាយ Digital Chat Station រួមជាមួយនឹង ACE_10ace ថ្មីៗនេះ ក៏បានចែករំលែកអំពីលក្ខណៈសម្បត្តិ និងរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូន Vivo flagship ថ្មីនេះផងដែរ។
តាមរយៈរូបភាព Render ដែល ACE_10ace បានចែករំលែករូបភាពថ្មីរបស់ស្មាតហ្វូន Vivo X300 Pro ដែលមានការទម្លាយថា ស្មាតហ្វូននេះ នឹងមិនមានការផ្លាស់ប្តូរច្រើនទៅលើការឌីស្សាញនោះទេ។ ស្មាតហ្វូននេះមានកាមេរ៉ាមូលនៅខាងក្រោយជាមួយនឹង Lenses ចំនួន ៣ គ្រាប់ និងសេនស័រមួយគ្រាប់។ ក្រុមហ៊ុន Vivo នឹងប្រើប្រាស់នូវ ZEISS T* lens coating ដើម្បីបង្កើនទៅលើកម្រិតភាពច្បាស់ និងកាត់បន្ថយនូវការខូចទ្រង់ទ្រាយនៃរូបភាពផងដែរ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 របស់ក្រុមហ៊ុន MediaTek និងអេក្រង់ទំហំ 6.8-អ៊ីង បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution 1,260 x 2,800 pixels។

សម្រាប់បន្ទះឈីប Dimensity 9500 នេះ ប្រើប្រាស់នូវ Cortex-X930 core ល្បឿន 3.23GHz និងក្រាហ្វិកកាត Immortalis-Drage GPU។ បន្ទះឈីបនេះ គឺបង្កើតឡើងដើម្បីបង្កើនទៅលើប្រសិទ្ធិភាពនៃថាមពលថ្ម និងការពង្រឹងទៅលើក្រាហ្វិកកាន់តែខ្លាំងក្លា។ ការផ្លាស់ប្តូរធំបំផុតទៅលើផ្នែក hardware របស់ស្មាតហ្វូននេះគឺទៅលើថាមពលថ្មរបស់វា។ ស្មាតហ្វូន X300 Pro នេះនឹងមានថាមពលថ្មទំហំ 7,000mAh ដែលមានការបង្កើនទំហំ 1,000mAh ច្រើនជាងស្មាតហ្វូន X200 Pro និង 1,600mAh ច្រើនជាងស្មាតហ្វូន X100 Pro ។ ក្រុមហ៊ុន Vivo អាចនឹងធ្វើការ upgrade ទៅលើបច្ចេកវិទ្យាសាកថ្ម 90W wired និង 30W wireless charging ដើម្បីប្រើប្រាស់ជាមួយនឹងស្មាតហ្វូនថ្មីនេះ។

តាមការបញ្ជាក់របស់ Digital Chat Station បានបន្តថា ស្មាតហ្វូន vivo X300 Pro នេះនឹងមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយគឺ 50MP, 50MP ultra-wide lens និង 200MP periscope telephoto។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់សិនស័រ LYT-828 របស់ Sony, 1/1.28-អ៊ីង មានទំហំ 50MP គាំទ្រជាមួយនឹងកម្រិត 1.22μm pixels ហើយនឹងមានការទ្រទ្រង់ទៅលើ Hybrid Frame-HDR ដែលមានការបញ្ជូលគ្នានៃ Dual Conversion Gain និង Variable Shutter ដែលមាន dynamic range ច្រើនជាង 100dB។ សម្រាប់កាមេរ៉ាទំហំ 200MP Periscope គឺមានការប្រើប្រាស់នូវ 1/1.4-អ៊ីង និងtelephoto macro៕
