
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន vivo បានបង្កើតនូវភាពភ្ញាក់ផ្អើលមួយទៅលើទីផ្សារស្មាតហ្វូននៅប្រទេសចិន ដោយក្រុមហ៊ុននេះបានប្រកាសចេញញនូវស្មាតហ្វូន X200 Pro mini ដែលជាសមាជិកមួយនៃស្មាតហ្វូន Flagship Series ដែលមានការឌីស្សាញអេក្រង់តូចជាងម៉ូដែលបងៗដែលមានលក់កន្លងមក។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនប្រភេទថ្មីនេះ ក៏នឹងបន្តមានវត្តមាននៅលើស្មាតហ្វូនជំនាន់ថ្មី X300 Series ផងដែរ។ ថ្មីៗនេះ ក៏មានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះនៅលើអនឡាញផងដែរ។
បើយោងតាមការបញ្ជាក់នៅក្នុងការបែកធ្លាយចុងក្រោយបំផុតចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.3-អ៊ីង ជាមួយនឹងថាមពលថ្មធំដល់ទៅ 7000mAh។ តាមរយ់នៃការបង្ហោះនេះ គេនៅមិនទាន់មានការទម្លាយអំពីឈ្មោះស្មាតហ្វូននេះទេ ប៉ុន្តែមានការប៉ាន់ស្មានថា អាចជាស្មាតហ្វូន vivo X300 Pro mini ។ សូមជំរាបថា ស្មាតហ្វូន X200 Pro mini ដែលចេញលក់ឆ្នាំមុននេះ គឺមានការបំពាក់នូវថាមពលថ្មទំហំ 5700mAh តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា មុននេះមានរបាយការណ៍ជាច្រើនបានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការអាប់ដែតទៅលើថាមពលថ្មកាន់តែខ្លាំងសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ ខណៈដែលមិនទាន់មានព័ត៌មានច្បាស់ពី vivo X300 Pro mini នៅឡើយនោះ នៅពេលនេះ យើងមើលទៅលើលក្ខណៈសម្បត្តិរបស់ X200 Pro mini បន្តិចសិន។

ស្មាតហ្វូន X200 Pro mini ដែលចេញលក់ឆ្នាំមុននេះ មានអេក្រង់ទំហំ 6.31-អ៊ីង LTPO AMOLED ជាមួយនឹង 1B colors, HDR10+ និងល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 15 ជាមួយនឹងបន្ទះឈីប MediaTek Dimensity 9400 ផងដែរ។ កាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានការសហការជាមួយនឹង Zeiss ដោយតម្លើងមកនូវកាមេរ៉ា 50MP ទំហំ 3 គ្រាប់: wide sensor ជាមួយនឹង OIS, 3x optical zoom periscope telephoto និង ultrawide ដែលភ្ជាប់ជាមួយនឹងមុខងារ Autofocus ផងដែរ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងមុខទំហំ 32MP ultrawide ដែលអាចថតកម្រិត 4K ហើយនិង Stereo speakers ថែមទៀត៕
