
ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី X300 និង X300 Pro នៅលើទីផ្សារប្រទេសចិនកាលពីខែមុន ខណៈម៉ូដែល Ultra នៅមិនទាន់មានការជូនដំណឹងទេកំឡុងពេលនោះ។ យោងតាមការរបាយការណ៌ថ្មីនិពេលនេះ មានការបង្ហើបពីម៉ូដែល X300 Ultra ដែលគ្រប់គ្នាទន្ទឹងរង់ចាំហើយ។ និយាយពី X300 Ultra នេះត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានការប្រកាសចេញនៅឆ្នាំក្រោយ ដែលអាចនឹងនៅខែមេសា។
នៅថ្ងៃនេះ យោងតាមការបែកធ្លាយចេញពី Digital Chat Station ដែលបង្ហោះនៅលើបណ្តាញ Weibo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី X300 Ultra នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP ចំនួនដល់ទៅ 2 គ្រាប់ ដែលមួយគ្រាប់សម្រាប់កាមេរ៉ាគោល និងមួយគ្រាប់ទៀត គឺជាកាមេរ៉ា Periscope Telephoto។ នៅលើសិនស័រគោលនឹងមានការគាំទ្រដោយកែវឡែន 35mm focal length និង Telephoto ក៏នឹងមានការពង្រឹងខ្លាំងជាង X200 Ultra ផងដែរ។

បើតាមការបញ្ជាក់ពីប្រភពខាងលើនេះបានបន្តថា សិនស័រ Ultrawide នឹងមានការប្រើប្រាស់នូវសិនស័រ 50MP resolution និងមានទ្រទ្រង់នូវ 1/1.28" type sensor ដែលនេះ គឺជាសិនស័រធំបំផុតមិនធ្លាប់មានប្រើប្រាស់នៅលើឡែន ultrawide។ គួរបញ្ជាក់ថា យោងតាមពាក្យចចាមអារ៉ាមកន្លងមក បានទម្លាយថា X300 Ultra នឹងមានការប្រើប្រាស់នូវកាមេរ៉ាមុខទំហំ 50MP និងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC។
