
យោងតាមការទម្លាយនៅថ្ងៃនេះ បានបង្ហើបថា ក្រុមហ៊ុន vivo បានត្រៀមខ្លួននៅក្នុងការបង្ហាញស្មាតហ្វូនជំនាន់ថ្មី vivo X300 និង vivo X300 Pro នៅក្នុងប្រទេសចិនឆាប់ៗនេះហើយ ដោយស្មាតហ្វូនស៊េរីថ្មីទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ ខណៈពេលដែល vivo X300 Ultra អាចនឹងបង្ហញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខាងមុខ។ ផ្អែកតាមការបែកធ្លាយថ្មីមួយដែលចេញពីអ្នកទម្លាយ Digital Chat Station ទើបតែទម្លាយព័ត៌មានលម្អិតអំពីកាមេរ៉របស់កំពូលស្មាតហ្វូន vivo X300 Ultra ផងដែរ។
បើតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា កាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ នឹងមានកាមេរ៉ាគោលទំហំ 200MP នឹងមានអមដោយកាមេរ៉ាទំហំ 50MP Ultra-Wide Lens និងមួយគ្រាប់ទៀតមានទំហំ 200MP Periscope Telephoto ផងដែរ។ អ្នកទម្លាយរូបនេះ នៅមិនទាន់បញ្ជាក់អំពីឈ្មោះនៃកាមេរ៉ាសិនស័រថ្មីនេះនៅឡើយទេ។

តាមរបាយការណ៍ជាច្រើនបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ នឹងប្រើប្រាស់នូវកាមេរ៉ាគោល Sony LYT-990 35mm។ សម្រាប់កាមេរ៉ាបន្ទាប់អាចជា 200MP Samsung HPB sensor 1/1.4-អ៊ីង និងមាន Aperture ធំជាងមុន រួមនិងការគាំទ្រដោយ Zeiss Coating ថ្មីផងដែរ។
អ្នកទម្លាយនេះបានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នឹងប្រើប្រាស់នូវ Video និង Imaging Chip ដែលអភិវឌ្ឍដោយក្រុមហ៊ុន Vivo ហើយស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាខាងមុខទំហំ 50MP Autofocus ដូចទៅនឹងស្មាតហ្វូន vivo X300 និង vivo X300 Pro ផងដែរ។ តាមអ្នកទម្លាយដដែលនេះបន្តអះអាងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នឹងក្លាយជាស្មាតហ្វូនតែមួយគត់នៅក្នុងឧស្សាហកម្មនេះដែលមានកាមេរ៉ាភ្លោះទំហំ 200MP និង 200MP Periscope។

ស្មាតហ្វូនជំនាន់ថ្មី vivo X300 និង vivo X300 Pro នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 ខណៈពេលដែលស្មាតហ្វូន vivo X300 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ឬ Snapdragon 8 Elite 2។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន vivo X300 Ultra នៅមិនទាន់ទម្លាយនៅឡើយទេ៕
