
ខណៈដែលមិនទាន់មានការបញ្ជាក់ពីពេលវេលានៃការបង្ហាញខ្លួននៅឆ្នាំនេះនៅឡើយ ក្រុមហ៊ុន vivo បានបញ្ចេញនូវព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី X300 Ultra។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា បានបង្ហាញខ្លួននៅលើបញ្ជីក្នុងប្រទេសចិនហើយដោយមានលេខកូដ (V2536A) និងនិងមានការគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 100W fast charging។
ទៅលើឆ្នាំងសាកនេះ គឺមានការប្រើប្រាស់នូវ 100W USB PPS charging មានកម្លាំង 20V និង 5A ហើយនឹងមានការទ្រទ្រង់ជាមួយនូវ FlashCharge system ដែលជាបច្ចេកវិទ្យាសាក fast charging ដែលអភិវឌ្ឍដោយក្រុមហ៊ុន vivo ផងដែរ។ ថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នឹងមានថ្មទំហំ 7,000mAh ប្រៀបធៀបជាមួយនិង X200 Ultra គឺមានទំហំ 6,000mAh និងបច្ចេកវិទ្យាសាក 90W wired charging ហើយនិង 40W wireless។
ថ្មីៗនេះ ស្មាតហ្វូន vivo X300 Pro គឺមានការបំពាក់នូវថាមពល 6,510mAh ដែលម៉ូដែកនេះគឺមានលក់នៅលើទីផ្សារប្រទេសចិន ខណៈដែលទីផ្សាសកលគឺមានការប្រើប្រាស់ថ្មទំហំត្រឹមតែ 5,440mAh ប៉ុណ្ណោះ។ សម្រាប់ vivo X300 Ultra ដែលនឹងលក់នៅលើទីផ្សារសកល គឺមិនទាន់បញ្ជាក់ទំហំថ្មនោះទេ។

vivo X300 Ultra នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP ចំនួនពីរគ្រាប់ ដោយមួយគ្រាប់មានសិនស័រ 1/1.12” អ៊ីងសម្រាប់កាមេរ៉ាគោល និងមួយគ្រាប់ទៀតមានសិនស័រទំហំ 1/1.4” អ៊ីងទៅលើកាមេរ៉ា Telephoto ហើយក៏មានការអមដោយសិនស័រ 1/1.28” អ៊ីងទំហំ 50MP ដែលជាឡែន ultra-wide ផងដែរ។ មិនដូចជាម៉ូដែល X300 ផ្សេងទៀតនោះទេ សម្រាប់ម៉ូដែល Ultra គឺអាចនឹងប្រើប្រាស់ឈីប Snapdragon 8 Elite Gen 5 ជំនួសអោយ Dimensity 9500។ vivo X300 Ultra ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមាននៅលើទីផ្សារនាចុងត្រីមាសទី 1 ឆ្នាំក្រោយ ដូចគ្នានឹងពេលវេលារបស X200 Ultra គឺបានបង្ហាញខ្លួននៅខែមេសា។
