
vivo ត្រូវបានគេទម្លាយថា បាននឹងកំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូនជំនាន់ថ្មីនៃ X-Series ម៉ូដែល X200 Pro របស់ខ្លួនហើយ បន្ទាប់ពីការទម្លាយចេញនូវលក្ខណៈសម្បត្តិជាច្រើនរួចមក។ យោងតាមការបញ្ជាក់របស់បិបសាយGizmochina នៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Pro នេះ គឺបានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន IMEI ហើយ។ សូមជំរាបថា ស្មាតហ្វូន vivo X200 Pro គឺជាម៉ូដែលប្រណិតមួយដែលមានការរង់ចាំយ៉ាងអន្ទះសារពីសំណាក់ហ្វេនៗជាច្រើនរបស់ vivo។
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលមួយស្ថិតនៅក្នុងត្រកូល vivo X series ស្មាតហ្វូនថ្នាក់ប្រណិតដែលបំពាក់នូវកាមេរ៉ាខ្លាំងបំផុត។ ជាមួយនិងការបង្ហាញខ្លួននៅលើបញ្ជីនេះ ស្មាតហ្វូន vivo X200 Pro គឺមានលេខម៉ូដែល V2413។ យោងតាមការបែកធ្លាយមុននេះ បាននិយាយថា vivo X200 Pro នឹងមានអេក្រង់ទំហំ 6.7 អ៊ីង ឬ 6.8 អ៊ីង បង្ហាញចេញបានកម្រិត 1.5K ហើយអាចនឹងមានការឌីស្សាញជាមួយនិងគែមអេក្រង់កោងថែមទៀតផង។

ស្មាតហ្វូនជំនាន់ថ្មី vivo X200 Pro នេះ នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400។ ស្មាតហ្វូននេះក៏នឹងអាចក្លាយស្មាតហ្វូនដំបូងគេនៅលើពិភពលោក ដែលមានការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ។ ស្មាតហ្វូន Dimensity 9400 ត្រូវបានគេនិយាយថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប TSMC កម្រិត 3nm ហើយអាចនឹងប្រកាសចេញនៅលើទីផ្សារខែតុលាខាងមុខនេះផងដែរ។ បន្ទះឈីបនេះ ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាគូរប្រជែងដ៏ខ្លាំងបំផុតជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4។

vivo X200 Pro នឹងមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាខ្លាំងបំផុត។ បើតាមការទម្លាយមុននេះ បានអោយដឹងថា vivo X200 Pro នឹងមានកាមេរ៉ា 3 គ្រាប់ មានទំហំ 50MP ហើយនៅក្នុងចំណោមកាមេរ៉ាទាំងនេះ គឺមាន 1 គ្រាប់ជាកាមេរ៉ា Periscope។ ស្មាតហ្វូន vivo X200 Pro នឹងមានថ្មទំហំ 6000mAh ជាប្រភេទ Silicon-Carbon។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា នៅលើស្មាតហ្វូននេះ ក៏នឹងមានការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃកម្រិតខ្ពស់ ultrasonic fingerprint ទៀតផង។
