
ក្រុមហ៊ុន vivo និង Nokia ថ្មីៗនេះ បានប្រកាសចុះ កិច្ចព្រមព្រៀងទៅលើការឆ្លងប៉ាតង់ ដើម្បីបញ្ចប់នូវបញ្ហាតាមផ្លូវច្បាប់ទាក់ទងទៅលើបច្ចេកវិទ្យា 5G។ ការចាប់ដៃគ្នានេះ គឺបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Nokia បានដោះស្រាយទៅលើជម្លោះស្រដៀងគ្នានេះ ជាមួយក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនដៃគូរជាមួយ BBK Electronics។ បើមើលទៅលើលក្ខខណ្ឌនេះ ក្រុមហ៊ុន vivo នឹងអាចចូលទៅប្រើប្រាស់នូវបច្ចេកវិទ្យា cellular technology របស់ក្រុមហ៊ុន Nokia បាន ប៉ុន្តែការទូទាត់ប្រាក់ គឺត្រូវផ្អែកទៅលើប៉ាតង់នៃការប្រើប្រាស់របស់ពួកគេទៅកាន់ក្រុមហ៊ុន Nokia។
សម្រាប់ការទូទាត់ប្រាក់នេះ នឹងមានការបញ្ចូលនូវថ្លៃសេវាដែលនឹងគ្របដណ្តប់ទៅលើរយៈពេលនៃជម្លោះផងដែរ។ រឿងដែលល្អនោះគឺថា កិច្ចព្រមព្រៀងនេះ បានដោះស្រាយទៅលើជម្លោះនៃក្រុមហ៊ុនទាំងពីរនេះ។ គួរបញ្ជាក់កាលពីពេលមុននេះ ក្រុមហ៊ុន Nokia បានលើកឡើងថា ក្រុមហ៊ុនជាច្រើនរបស់ក្រុមហ៊ុន BBK Electronics ដូចជា vivo និង OPPO បានរំលោភទៅលើប៉ាតង់ 5G wireless communication technology របស់ខ្លួន ហើយក្រុមហ៊ុននេះ ក៏បានឈ្នះទៅលើក្តីនៅលើតុលាការផងដែរ។ នៅក្នុងការកាត់ក្តីរបស់តុលាការនោះ ក្រុមហ៊ុន OPPO, vivo, OnePlus និង realme ត្រូវដកខ្លួនចេញពីទីផ្សាររបស់អាល្លឺម៉ង់ ថែមទៀតផង។
ដូច្នេះផ្អែកលើកិច្ចព្រមព្រៀងប៉ាតង់ 5G របស់ក្រុមហ៊ុន OPPO និង vivo ជាមួយនឹង Nokia នៅពេលនេះ ក្រុមហ៊ុនជាច្រើនរបស់ BKK អាចនឹងផ្តល់ឱកាសនៃការចូលទីផ្សារវិញនៅក្នុងប្រទេសអាល្លឺម៉ង់។ ជាក់ស្តែង ក្រុមហ៊ុន OnePlus ក៏ចាប់ផ្តើមលក់ស្មាតហ្វូន OnePlus 12 និង 12R ចុងក្រោយបំផុតនៅក្នុងប្រទេសនេះផងដែរ។
លោក Xianwen Xu អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន vivo ក៏បានបង្ហាញអំពីការពេញចិត្តទៅលើកិច្ចព្រមព្រៀងនេះដែរ ដោយលោកក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការផ្តល់អោយអ្នកប្រើប្រាស់នូវផលិតផលជាច្រើន ដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់ថែមទៀតផង។ សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន Nokia បានចុះកិច្ចព្រមព្រៀងប៉ាតង់នេះ ជាមួយនឹងក្រុមហ៊ុន Apple, Samsung, OPPO, Honor និង Huawei ផងដែរ៕
