
ថ្មីៗនេះក្រុមហ៊ុន vivo បានប្រារព្ធព្រឹត្តិការណ៍ពិសេសមួយឈ្មោះថា Imaging Festival នៅក្នុងប្រទេសចិន ហើយនៅក្នុងថ្ងៃដ៏ពិសេសនេះ vivo ក៏បានបង្ហាញពីចក្ខុវិស័យនៃអនាគតបច្ចេកវិទ្យាថតរូបនៅលើឧបករណ៍ចល័ត Mobile Imaging ផងដែរ។ ហើយអ្វីដែលពិសេស ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ ក៏បានបង្ហើបពីការចូលប្រឡូកក្នុងវិស័យនៃឧបករណ៍ឆ្លាតវៃ Mixed Reality (MR) ថែមទៀតផង។ vivo បានបញ្ជាក់ជាផ្លូវការណ៍ថា ខ្លួននឹងមានការប្រកាសចេញវ៉ែនតាឆ្លាតវៃ ឬ Mixed Reality Headset ដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 2025។
លោក Hu Baishan ដែលជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Vivo បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើបច្ចេកវិទ្យា MR ក្នុងអំឡុងពេលវេទិកា Boao Forum for Asia កាលពីដើមឆ្នាំ 2024 នេះ។ អំឡុងពេលនោះលោក Baishan បាននិយាយថា បច្ចេកវិទ្យាឧបករណ៍ MR គឺជាការរីកចំរើនដ៏សំខាន់បន្ទាប់នៅក្នុងបច្ចេកវិទ្យាទូរស័ព្ទ។ ហើយឥឡូវនេះ យើងមានការបញ្ជាក់ជាផ្លូវការអំពីគម្រោងរបស់ Vivo នៅក្នុងវិស័យមួយនេះ។ សម្រាប់ឧបករណ៍ Extended Reality (XR) មិនមែនជារឿងថ្មីសម្រាប់ vivo នោះទេ ដោយក្រុមហ៊ុននេះ ធ្លាប់បានធ្វើការប្រកាសចេញវ៉ែនតាឆ្លាតវៃ AR រួចទៅហើយក្នុងឆ្នាំ 2019 ដែលអាចធ្វើការតភ្ជាប់ជាមួយស្មាតហ្វូន 5G ទើបអាចដំណើរការបាន។
ការប្តេជ្ញាចិត្តរបស់ Vivo ចំពោះការច្នៃប្រឌិតកើតឡើងចំពេលមានដំណើរការទីផ្សារដ៏រឹងមាំរបស់ខ្លួន។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Canalys បានឱ្យដឹងថា Vivo បច្ចុប្បន្នកំពុងកាន់កាប់តំណែងកំពូលនៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនជាមួយនឹងចំណែកទីផ្សារសរុប 19%។ ស្មាតហ្វូន Vivo X-Series ដែលជា Flagship Smartphone របស់ក្រុមហ៊ុនត្រូវបានគេមើលឃើញ ពីការបន្តកើនឡើង ដោយពង្រឹងទីផ្សាររបស់ខ្លួនបន្ថែមទៀតក្នុងផ្នែកឧបករណ៍ប្រើប្រាស់ដែលមានភាពប្រកួតប្រជែង និងឧបករណ៍កម្រិតខ្ពស់។
ក្រៅពី vivo ក្រុមហ៊ុនផ្សេងទៀតរបស់ប្រទេសចិនដូចជា Huawei និង Oppo ក៏មានពាក្យចចាមអារ៉ាមថា កំពុងបង្កើតផលិតផល MR ស្រដៀងគ្នាដែរ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុនទាំងនេះនៅឡើយទេ។ ក្នុងព្រឹត្តិការណ៍ Imaging Festival បានប្រើជាវេទិកាសម្រាប់ Vivo ដើម្បីបង្ហាញពីការច្នៃប្រឌិតឧបករណ៍បច្ចេកវិទ្យាថ្មីៗរបស់ខ្លួន។
ក្រុមហ៊ុនបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីបន្ទាប់របស់ខ្លួន ដែលអាចជា Vivo X200 Series នឹងបំពាក់បច្ចេកវិទ្យាផលិតរូបភាព Blueprint-image sensor, Blueprint Algorithm Matrix និងបន្ទះឈីប Blueprint Imaging ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុនផ្ទាល់ ។ ការចូលទៅក្នុងពិភពនៃ ឧបរកណ៍ឆ្លាតវ៉ៃ Mixed Reality (MR) របស់ Vivo គឺជាការអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងទីផ្សារឧបករណ៍ wearable device market។ ហើយភាពជោគជ័យរបស់ក្រុមហ៊ុន vivo នៅក្នុងវិស័យស្មាតហ្វូនបច្ចុប្បន្ន នឹងបន្តផ្តល់ឥទ្ធិពលដ៏វិជ្ជមានលើវិធីសាស្រ្តរបស់ក្រុមហ៊ុនចំពោះទីផ្សារឧបករណ៍ថ្មីខ្លួននាពេលអនាគត៕
