ស្វែងរកពួកយើង:

Volkswagen គ្រោងធ្វើការកាត់បន្ថយបុគ្គលិកចំនួន 35,000 នាក់នៅឆ្នាំ 2030

ដោយ

Koun Jab Luffy

28 ធ្នូ 2024 02:15 រសៀល

អាន 3 នាទី

Article image
សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត Volkswagen AG បានឈានដល់កិច្ចព្រមព្រៀងជាមួយមេដឹកនាំសហជីពការងារ ដែលឈានទៅរកគោលដៅក្នុងការកាត់បន្ថយកំលាំងពលកម្មចំនួន 35,000 នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ 2030។ ការកាត់បន្ថយដែលត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការចំនាយរបស់ក្រុមហ៊ុនបានប្រហែល 3.79 ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ដែលនឹងសម្រេចបានតាមរយៈការរួមបញ្ចូលគ្នានៃការកាត់បន្ថយការងារបន្តិចម្តងៗ។
កិច្ចព្រមព្រៀងនេះ បានកើតឡើងបន្ទាប់ពីការចរចារដ៏តានតឹងជាច្រើនខែរវាងក្រុមហ៊ុន Volkswagen និងសម្ព័ន្ធសហជីពការងាររបស់ខ្លួន។ កម្មករបានធ្វើកូដកម្មធំៗចំនួនពីរក្នុងខែវិច្ឆិកា ដែលជាចំនួនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីតវ៉ានឹងការកាត់បន្ថយការងារដែលបានគ្រោងទុក។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Volkswagen បានយល់ព្រមរក្សារោងចក្រក្នុងប្រទេសអាល្លឺម៉ង់ចំនួន 10 រោងចក្ររបស់ខ្លួនឱ្យបើក និងដំណើរការឡើងវិញនូវកិច្ចព្រមព្រៀងសុវត្ថិភាពការងាររហូតដល់ឆ្នាំ 2030។ ទោះជាយ៉ាងណាក៏ដោយ កម្មករបានយល់ព្រមបោះបង់ប្រាក់រង្វាន់មួយចំនួន កាត់បន្ថយការងារអចិន្ត្រៃយ៍សម្រាប់សិក្ខាកាម និងកាត់បន្ថយសមត្ថភាពផលិតនៅរោងចក្រចំនួន 5 ដែលសម្រាប់សរុបជារថយន្តមានចំនួនប្រហែល 700,000 គ្រឿង។
Article image
បន្ថែមពីលើការកាត់បន្ថយកំលាំងការងារ អ្នកគ្រប់គ្រងក្រុមហ៊ុន Volkswagen ក៏នឹងប្រឈមមុខនឹងការកាត់ប្រាក់ខែយ៉ាងច្រើនផងដែរនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ អ្នកគ្រប់គ្រងប្រហែល 4,000 នាក់នឹងមិនទទួលបានប្រាក់រង្វាន់ស្មើនឹងប្រហែល 10% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេនៅឆ្នាំក្រោយឡើយ ព្រមជាមួយនឹងការកាត់បន្ថយប្រាក់ខែតិចតួចរហូតដល់ចុងទសវត្សរ៍នេះ។
ក្រុមសហជីពក៏កំពុងជំរុញឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងនាយកប្រតិបត្តិលោក Oliver Blume ធ្វើការកាត់បន្ថយប្រាក់ខែលោកប្រមាណ 10% ផងដែរ។ ការកាត់បន្ថយការងារ និងការកាត់ប្រាក់ខែ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Volkswagen ដើម្បីកាត់បន្ថយការចំណាយ និងសម្រួលដល់ទិន្នផលនៃការផលិតរថយន្ត។
ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ងកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃបរិមាណការលក់របស់ខ្លួននៅក្នុងប្រទេសចិនដែលជាទីផ្សារស្នូលរបស់ខ្លួន ស្របពេលនេះ Volkswagen កំពុងប្រឈមមុខនឹងបញ្ហាប្រកូតប្រជែងពីក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តចិនផ្សេងទៀតដែលកំពុងឈានជើងចូលក្នុងទីផ្សារអឺរ៉ុប។
Article image
ការកាត់បន្ថយកំលាំងការងារដែលបានប្រកាសនៅសប្តាហ៍នេះ ទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងប្រទេស អាល្លឺម៉ង់។ ឧស្សាហកម្មរថយន្តជានិយោជកធំនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយ Volkswagen ជាក្រុមហ៊ុនធំបំផុតមួយរបស់ប្រទេស។ ក្នុងរយៈពេលវែង ការកាត់បន្ថយកំលាំងការងាររបស់ Volkswagen គឺចាំបាច់ខ្លាំងដើម្បីធានាការរស់រានមានជីវិតរបស់ក្រុមហ៊ុន ប៉ុន្តែ ការកាត់បន្ថយកំលាំងការងារនេះ គឺបានផ្តល់នូវផលប៉ះពាល់ខ្លាំងសម្រាប់ជីវភាពប្រចាំថ្ងៃរបស់បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេផងដែរ៕
Volkswagen គ្រោងធ្វើការកាត់បន្ថយបុគ្គលិកចំនួន 35,000 នាក់នៅឆ្នាំ 2030