ក្រុមហ៊ុន Volvo ទើបតែបានបញ្ចេញរថយន្តអគ្គិសនីប្រភេទ Compact SUV EV ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល EX30 ដែលមានការធ្វើបច្ចុប្បន្នភាពកាប៊ីនខាងក្នុង ផ្តល់នូវបទពិសោធន៍ប្រើប្រាស់ថ្មី កាន់តែមានភាពទំនើបទាន់សម័យ។ ផ្នែកកាប៊ីនខាងក្នុងរបស់ Volvo EX30 2026 មានជម្រើសពណ៌ថ្មីចំនួនពីរពណ៌ គឺ Harvest និង Black។

EX30 ស៊េរីថ្មីឆ្នាំ 2026 អាចដំណើរការនូវប្រព័ន្ធមុខងារ V2L (Vehicle-to-load) តាមរយះការធ្វើបច្ចុប្បន្នភាពកម្មវិធី (Software)។ សម្រាប់ប្រព័ន្ធកម្សាន្ត ក៏នឹងទទួលបានការកែប្រែមុខមាត់ថ្មីតាមរយះការធ្វើបច្ចុប្បន្នភាព OTA (Over-the-air) ផងដែរ។

បន្ថែមពីនេះការឌីស្សាញប្រព័ន្ធមុខងារ និងប្រព័ន្ធគ្រប់គ្រងផ្សេងនៅក្នុងកាប៊ីនក៏ត្រូវបានធ្វើការរៀបចំថ្មីដែលផ្តល់ឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុនថែមទៀតផង។ សម្រាប់ការដាក់ឲ្យធ្វើបច្ចុប្បន្នភាពកម្មវិធី (OTA) នៅលើ Volvo EX30 អាចនឹងត្រូវចាប់ផ្តើមពីខែមីថុនា ឆ្នាំ 2026 រួមនឹងឆ្នាំងសាកផងដែរ។ Volvo EX30 EV 2026 នឹងមានជម្រើសពីរម៉ូដែល គឺម៉ូដែល Single-motor Extended Range Plus RWD និង Single-motor Extended Range Ultra RWD។ 

EX30 EV Series 2026 ដំណើរការដោយប្រើម៉ូទ័រអគ្គិសនីមួយកម្លាំង 200kW និងកម្លាំងរមួល 343Nm អាចបើកបរបានចម្ងាយផ្លូវ 462km នៅពេលសាកភ្លើងពេញម្តង។ សម្រាប់តម្លៃវិញ ត្រូវបានគេប៉ាន់ប្រមាណថា អាចខ្ទង់ $59,990 សម្រាប់ម៉ូដែល Plus RWD និង $66,290 សម្រាប់ម៉ូដែល Ultra RWD៕+