
ក្រុមហ៊ុនផលិតរថយន្ត Volvo Cars ត្រៀមធ្វើការប្រកាសចេញរថយន្ត SUV ស៊េរីថ្មីម៉ូដែល XC90 ដែលជាស៊េរីឆ្នាំ 2024 នៅថ្ងៃទី 04 ក្នុងខែកញ្ញា ខាងមុខនេះ។ រថយន្ត XC90 ឆ្នាំ 2024 នេះ គឺជាម៉ូដែលថ្មីដំបូងដែលបានធ្វើការUpdate សម្រាប់រយះពេល 10 ឆ្នាំមកនេះ បន្ទាប់ពីម៉ូដែលដំបូងត្រូវបានធ្វើការប្រកាសចេញកាលពីឆ្នាំ 2014។
រថយន្ត Volvo XC90 ដែលជាម៉ូដែលកំណែលម្អថ្មីឆ្នាំ 2024 នេះ គឺនឹងចូលរួមជាមួយនឹងម៉ូដែល EX90 ដែលជារថយន្តអគ្គិសនីសុទ្ធដែលត្រៀមបង្ហាញវត្តមាននៅលើទីផ្សារនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ទោះជាយ៉ាងណាសម្រាប់ម៉ូដែល Volvo XC90 អាចនឹងមានជម្រើសពីរ គឺជម្រើសប្រើម៉ាស៊ីន និងប្រើថាមពលអគ្គិសនីសុទ្ធ។
ដោយនៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន Volvo XC90 បានប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំង 143 សេះ ជាមួយម៉ាស៊ីន 2.0-litre turbocharged inline-four engine ដែលអាចផលិតកំលាំងសរុបបានដល់ 456 សេះ និងកំលាំងរមូល 709Nm។ សម្រាប់ម៉ូដែល XC90 ដែលបានប្រកាសចេញនៅឆ្នាំ 2023 គឺបានបំពាក់នូវកញ្ចប់អាគុយទំហំ 18.8kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវចន្លោះពី 70 ទៅ 90km។
សម្រាប់់រថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែល EX90 របស់ Volvo ត្រូវបានចាប់ផ្តើមផលិតនៅក្នុងខែមិថុនា ឆ្នាំ 2024 នៅឯរោងចក្រ South Carolina Facility របស់ក្រុមហ៊ុន។ ក្រោយពីបបានប្រកាសបង្ហាញចេញដំបូងក្នុងខែវិច្ឆិកា ឆ្នាំ 2022 ហើយការផលិតត្រូវបានពន្យារពេលជាបណ្តោះអាសន្នរហូតដល់ខែឧសភា ឆ្នាំ 2023 ដើម្បីអនុញ្ញាតឱ្យមានការកែលម្អ និងធ្វើការអភិវឌ្ឍន៍បន្ថែមទៀតទៅលើកម្មវិធីកម្រិតខ្ពស់ (Advanced Software) របស់ Volvo។
ក្រុមហ៊ុន Volvo Car ប្រចាំនៅប្រទេសម៉ាឡេស៊ីបានប្រកាសរួចហើយនូវគម្រោងក្នុងការដាក់បង្ហាញរថយន្តម៉ូដែល Volvo EX90 ប្រាំពីរកៅអី។ ក្រុមហ៊ុនក៏បានបើកសម្រាប់ការចុះឈ្មោះចំណាប់អារម្មណ៍សម្រាប់ម៉ូដែល EX30 ដែលជា Compact SUV ផងដែរ ដែលត្រូវបានគេរំពឹងថានឹងមកដល់ទីផ្សារម៉ាឡេស៊ីនៅឆ្នាំ 2024 នេះ៕
