ស្វែងរកពួកយើង:

Wuling Bingo S EV សាកភ្លើងមួយពេញអាចជិះបាន 430km មានតម្លៃត្រឹមតែ 9,600 ដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

27 សីហា 2025 08:41 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុន SGMW បានធ្វើការប្រកាសដាក់ឲ្យមានការបញ្ជាទិញមុនបានសម្រាប់រថយន្តអគ្គិសនី Compact SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Wuling Bingo S EV ជាផ្លូវការណ៍ដែលមានតម្លៃចាប់ពីខ្ទង់ $9,600 ដល់ $11,400 ជាមួយជម្រើស 4 ម៉ូដេល និងមានពីរ Options គឺ Premium និង Flagship។ ឡានអគ្គិសនិខ្នាតតូច ឬ Compact SUV របស់ចិនមួយនេះសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 325km និង 430km ទៅតាមជម្រើស Option ផ្សេងគ្នា។ សម្រាប់ពណ៌ខាងក្រៅរបស់ Wuling Bingo S EV គឺមានដូចជា ប្រផេះ ខៀវ ស្វាយ និងស។
Wuling Bingo S EV មានទំហំបណ្តោយខ្លួន 4,265mm/ទទឹង 1,785mm/ កម្ពស់ 1,600mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,610mm។ ចំពោះទំងន់រថយន្តវិញ គឺ 1250 kg សម្រាប់ម៉ូដែលជិះបាន 325 km និង 1325 kg សម្រាប់ម៉ូដែលជិះបាន 430km។
Article image
ទៅលើកម្លាំងវិញ Wuling Bingo S EV ត្រូវពឹងផ្អែកទៅលើម៉ូទ័រអគ្គិសនីមួយបំពាក់នៅខាងមុខជាប្រភេទ  permanent magnet synchronous motor ដែលអាចផលិតកម្លាំងបាន 75kW ឬ 101 សេះ និងកម្លាំងរមូល 180Nm ដែលផ្តល់ថាមពលកម្លាំងដោយកញ្ចប់ថ្មទំហំ 31.9kWh និង 41.9kWh ព្រមទាំងអាចជាន់ល្បឿន Top Speed បានដល់ 150km/h ផងដែរ។
Article image
ឡានអគ្គិសនី Compact SUV ថ្មីមួយនេះ គាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿនកម្រិត  DC fast charging ដែលសាកបញ្ចូលភ្លើងពី 30% ទៅ 80% ចំនាយពេលប្រមាណ 35 នាទី។ ហើយសម្រាប់ការសាក់ភ្លើងជាមួយមុខងារ AC Slow Charging ពី 20% ទៅ 100% ចំនាយពេលប្រមាណ 9.5 ម៉ោងសម្រាប់ម៉ូដែល 325km និង 6.5 ម៉ោងសម្រាប់ម៉ូដែល 430km។
Article image
ចូលមកផ្នែកខាងក្នុងវិញ មានជម្រើសពណ៌ស និងពណ៌ត្នោត។ នៅលើតាបឡូមានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch Digital Instrument ជាមួយអេក្រង់កម្សាន្តទំហំ 12.8-inch floating central control touchscreen ហើយនិងដៃចង្កូតពីរពណ៌មានបង្កប់ប៊ូតុងសម្រាប់បញ្ជាមុខងារមួយចំនួននៅលើដៃចង្កូត។
Article image
បន្ថែមពីនេះ Wuling Bingo S EV ក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធម៉ាស៊ីនត្រជាក់រចនាបង្កប់នៅលើតាបឡូ កន្លែងសាកថ្មស្មាតហ្វូនឥតប្រើខ្សែកំលាំង 50W, កៅអីអ្នកបើកអាចកំនត់បាន 5 របៀប ខណៈកៅអីអ្នករួមដំណើរខាងមុខអាចកំនត់មុខងារប្រើបាន 4 របៀប មានមុខងារបញ្ជាដោយសំឡេង AI Voice Assistant, ប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់, ប្រើប្រាស់ប្រព័ន្ធសោរ Smart Key ឬ Keyless Entry, អាច remote បញ្ជាពីចម្ងាយតាមរយះស្មាតហ្វូន រួមនឹងកន្លែងដាក់អីវ៉ាន់ចំនួន 25 និងផ្នែកគូទក្រោយអាចផ្ទុកទំងន់បានដល់ 1,450 លីត្រនៅពេលបត់កៅអីជួរខាងក្រោយចុះ៕
Article image