ឡានអគ្គិសនីស៊េរីថ្មីរបស់ Wuling ម៉ូដែល Binguo Pro ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនកាលពីថ្ងៃទី 14 ខែមេសា ដោយទទួលបានការបញ្ជាទិញមុនចំនួនជាង 30,000 គ្រឿង ខណៈមានចំនួន 10,000 គ្រឿងត្រូវបាននាំជូនទៅប្រគល់ដល់ដៃអតិថិជនជាផ្លូវការណ៍រួចហើយ។ Binguo Pro ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $8,700 ដល់ $10,700 តាមជម្រើស option។
Wuling Binguo Pro ជាប្រភេទរថយន្តអគ្គិសនី Compact SUV ទ្វារប្រាំ និងមានប្រាំកៅអី។ ឡានអគ្គិសនីស៊េរីថ្មីនេះមានប្រវែងតួរខ្លួន 4,050mm/ ទទឹង 1,758mm/ កំពស់ 1,580mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,560mm។ Binguo Pro មានបំពាក់មកជាមួយអេក្រង់កម្សាន្តនៅលើតាប់ឡូខាងក្នុងទំហំ 12.8-inch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wuling Ling OS ដែលមានភ្ជាប់មកជាមួយបច្ចេកវិទ្យាបញ្ជាដោយសំឡេងឆ្លាតវៃ “AI voice command”, មានមុខងារភ្ជាប់ជាមួយស្មាតហ្វូន និងកម្មវិធីបញ្ជារថយន្តពីចំងាយតាមរយះស្មាតហ្វូនជាដើម។
គ្រប់ម៉ូដែលរបស់ Wuling Binguo Pro គឺមានបំពាក់ដោយម៉ូទ័រអគ្គិសនីនៅខាងមុខមួយមានកម្លាំង 65kW (87hp) និងអាចបើកល្បឿនលឿនបំផុតបានដល់ 130km/h។ Binguo Pro បំពាក់កញ្ចប់ថ្មប្រភេទ LFP battery Package ដោយម៉ូដែល Low-trim មានកញ្ចប់ថ្មទំហំ 37.9kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 330km តាមស្តង់ដារ CLTC ចំនែកម៉ូដែល Top-trim មានកញ្ចប់ថ្មទំហំ 37.9kWh ផ្គត់ផ្គង់ដោយក្រុមហ៊ុន Volkswagen-backed Gotion មានលទ្ធភាពអាចបើកបានចម្ងាយ 403km (CLTC) នៅពេលសាកភ្លើងពេញម្តង។ បន្ថែមពីនេះនៅលើម៉ូដែល High-trim មានភ្ជាប់មកជាមួយសារធាតុរាវជាក់ ឬ Liquid cooling ជាមួយកញ្ចប់ថ្មដើម្បីកាត់បន្ថយការឡើងកំដៅនៅពេលសាក និងពេលបើកបរ ខណៈម៉ូដែល Low-trim បំពាក់នូវប្រព័ន្ធខ្យល់ត្រជាក់ Air-cooling។
នៅលើម៉ូដែល Binguo Pro Low-trim គាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿនដែលការសាកពីកម្រិត 30% ទៅ 80% ប្រើពេលខ្ទង់ 35 នាទី ចំនែកនៅលើម៉ូដែល Binguo Pro High-trim គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 3C Fast Charging ដែលការសាកពី 30% ទៅ 80% ចាយពេលខ្ទង់ 15 នាទី។ ជាមួយគ្នានេះ ឡានអគ្គិសនីខ្នាតតូចស៊េរីថ្មីនេះ ក៏អាចសាកភ្លើងតាមរយះ AC Charging កម្លាំង 6.6kW ដែលការសាកភ្លើងពេញម្តងប្រើពេលខ្ទង់ 6 ម៉ោង ធៀបនឹងជំនាន់ Binguo មុន ដែលមានកម្លាំង 3.3kW និងចំនាយពេលសាកភ្លើងពេញម្តងប្រមាណជា 9 ម៉ោង៕


