ស្វែងរកពួកយើង:

Xiaomi កំពុងតែតេស្តថាមពលថ្មទំហំ 8,500+mAh នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន

ដោយ

Koun Jab Luffy

11 សីហា 2025 11:31 ថ្ងៃត្រង់

អាន 2 នាទី

Article image
គិតមកទល់នឹងថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនជាច្រើន បាននឹងកំពុងតែបន្តជម្រុញទៅលើការពង្រីកទំហំ ថាមពលថ្មសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលនឹងមានការប្រកាសចេញលក់នៅលើទីផ្សារនាពេលខាងមុខ។ យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បានទម្លាយថា Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សបរបស់ចិន ក៏កំពុងតែធ្វើតេស្តទៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Redmi ដែលមានថាមពលថ្មចន្លោះពី 8,500 និង 9,000mAh ផងដែរ។
តាមរបាយការណ៍ខាងលើនេះ គឺត្រូវបានទម្លាយចេញពី Digital Chat Station ដែលប្រភពជឿជាក់បាន ដោយបានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានតេស្តរួចហើយទៅលើស្មាតហ្វូនជំនាន់ថ្មីនេះ និងមានការប្រើប្រាស់នូវថាមពលថ្មធំ ដែលមិនប៉ះពាល់ទៅលើអាយុកាលនៃថាមពលថ្មនោះទេ។ ស្មាតហ្វូន Redmi ថ្មីនេះ មានកម្រាស់ 8.5mm ដែលភាគច្រើនស្រដៀងគ្នាទៅនឹងស្មាតហ្វូនជាច្រើនទៀតដែលមានវត្តមាននៅលើទីផ្សារ។
Article image
គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូន Redmi Turbo 4 Pro ដែលទើបតែបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ គឺមានថាមពលថ្មទំហំធំដល់ទៅ 7,550mAh ហើយថាមពលថ្មនេះ គឺធំជាងគេនៅក្នុងស្មាតហ្វូនត្រកូល Xiaomi ដែលមានលក់នៅលើទីផ្សារ។ ទាក់ទងនឹងរឿងនេះ ក្រុមហ៊ុន Honor ក៏មានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ក៏នឹងប្រើប្រាស់នូវថាមពលថ្មដល់ទៅ  10,000mAh នៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ។ ផ្អែកលើព័ត៌មានខាងលើនេះ ឆាប់ៗនេះ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូនជាច្រើនទៀតនៃក្រុមហ៊ុន iQOO ជាមួយនឹងថាមពលថ្មទំហំ 8,000mAh ផងដែរ៕