ស្វែងរកពួកយើង:

Xiaomi ច្រានចោលព័ត៌មានចចាមអារាមទាក់ទងនឹងវត្តមានរថយន្តអគ្គិសនីជំនាន់ថ្មី Xiaomi SU8 Series

ដោយ

Koun Jab Luffy

16 កក្កដា 2024 11:19 ថ្ងៃត្រង់

អាន 2 នាទី

Article image
លោក Wang Hua ដែលជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Xiaomi បានបដិសេធជាផ្លូវការនូវពាក្យចចាមអារ៉ាមអំពីការផលិតរថយន្តជំនាន់ថ្មី Xiaomi SU8 ។ គាត់បានបញ្ជាក់ថា មិនមានការផលិតរថយន្តជំនាន់ថ្មី Xiaomi SU8 នៅពេលនេះទេ។ យើងបានឆ្លងកាត់ពាក្យចចាមអារ៉ាមជាច្រើនអំពីវត្តមានរបស់រថយន្តជំនាន់ថ្មី Xiaomi SU8 រួចហើយ។
នៅថ្ងៃទី 15 ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរថយន្តមួយបានបង្ហាញផ្ទាំងរូបភាពរបស់ Xiaomi SU8 ចំនួនពីរ។ ផ្ទាំងរូបភាពមួយបានបង្ហាញថា "Xiaomi SU8" ដែលនឹងត្រូវបានបង្ហាញនៅថ្ងៃទី 16 ខែកក្កដានេះ។ ផ្ទាំងរូបភាពនេះក៏រួមបញ្ចូលរូបភាពជាក់ស្តែងនៃរថយន្តផងដែរ ដែលត្រូវបានគេអះអាងថាជាអ្នកស្នងតំណែងរបស់ Xiaomi SU7 បច្ចុប្បន្ន។
លោក Wang Hua បានបញ្ជាក់ថា ផ្ទាំងរូបភាពទាំងនោះ គឺក្លែងក្លាយ ហើយក៏មិនទាន់មានអ្នកស្នងតំណែងរបស់ SU7 នៅក្នុងសង្វាក់ផលិតនោះដែរ  ហើយក៏មានមតិជាច្រើនទៀតបានប៉ាន់ស្មានថារូបភាពលើផ្ទាំងផ្សព្វផ្សាយនោះអាចជា Xiaomi SU9 ។ ថ្មីៗនេះ រូបថតដ៏កម្រមួយចំនួនបានលេចចេញនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានគេអះអាងថាជារថយន្តប្រភេទ SUV ដំបូងបង្អស់របស់ក្រុមហ៊ុន Xiaomi។
យោងតាមរបាយការណ៍ពីមុន រថយន្តនេះមានកូដខាងក្នុងថា MX11 ហើយត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅឆ្នាំ 2025។ យោងតាមបណ្តាញ CNMO រថយន្តអគ្គិសនីប្រភេទ SUV ទំនងជានឹងក្លាយជារថយន្ត EV ទីពីររបស់ក្រុមហ៊ុន Xiaomi។ ទោះជាយ៉ាងណាមានប្រភពព័ត៌មានមួយចំនួនផ្សេងទៀត បានបញ្ជាក់ថា សម្រាប់វត្តមានរថយន្តអគ្គិសនី SUV របស់ Xiaomi អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅរយះពេលពីរទៅបីឆ្នាំខាងមុខទៀតឯណោះ។
Article image
បច្ចុប្បន្ន Xiaomi កំពុងទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការលក់រថយន្តអគ្គិសនីជំនាន់ដំបូងរបស់ខ្លួន គឺ Xiaomi SU7។ ដោយការលក់ SU7 បានចំនួនជាង 10,000 គ្រឿងក្នុងខែមិថុនា ហើយត្រូវបានគេរំពឹងថាចំនួននេះនឹងលក់បានសម្រាប់ខែបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Xiaomi Auto ត្រូវបានគេរាយការណ៍ថាគ្រោងនឹងចែកចាយរថយន្តអគ្គិសនីដំបូងនេះឲ្យបានយ៉ាងហោចដល់ចំនួន 100,000 នៅឆ្នាំនេះ។  Xiaomi បានចាប់ផ្តើមផលិតកម្មទ្វេរដងក្នុងខែមិថុនា ដើម្បីធានាបាននូវគោលដៅក្នុងការចែកចាយប្រចាំខែចំនួន 10,000 គ្រឿង៕
Xiaomi ច្រានចោលព័ត៌មានចចាមអារាមទាក់ទងនឹងវត្តមានរថយន្តអគ្គិសនីជំនាន់ថ្មី Xiaomi SU8 Series