
បើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបាននិយាយថា Xiaomi នឹងបង្ហាញចេញរថយន្តអគ្គិសនីប្រភេទ SUV ដំបូងរបស់ខ្លួននៅចុងខែតុលា ឆ្នាំនេះ។ ក្នុងរបាយការណ៍បានបញ្ជាក់ដូច្នេះថា Xiaomi នឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅចុងខែតុលាឆ្នាំ 2024 នេះ ដោយនៅក្នុងព្រឹត្តិការណ៍ថ្ងៃនោះ Xiaomi នឹងធ្វើការប្រកាសចេញផលិតផលអេឡិចត្រូនិចថ្មីៗជាច្រើនក្នុងនោះរួមមានដូចជា កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series, ថេបប្លែតជំនាន់ថ្មី Xiaomi 7 Series Tablet និងឧបករណ៍ថ្មី Xiaomi bracelet ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយជាដើម។
ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថា Xiaomi ក៏នឹងមានផលិតផលថ្មីស្រឡាងមួយបន្ថែមទៀតដែលនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ដែលត្រូវបានគេជឿជាក់ថា ជារថយន្តអគ្គិសនីប្រភេទ SUV ដំបូងផងដែរ។ រថយន្តអគ្គិសនី SUV ដំបូងរបស់ Xiaomi ធ្លាប់ត្រូវបានគេប្រទះឃើញគំរូសម្រាប់ការបើកបរសាកល្បងនៅលើដងវិថីកាលពីពេលថ្មីៗនេះ។
ហើយរថយន្ត Xiaomi SUV នេះ ត្រូវបានគេដឹងថាមានលេខកូដម៉ូដែល MX11។ បើតាមប្រភពព័ត៌មានចចាមអារាមកន្លងមកបាននិយាយថា Xiaomi MX11 SUV គឺនឹងទាន់រួចរាល់សម្រាប់ការនាំចេញនៅក្នុងឆ្នាំ 2024 នេះ នោះទេ គឺរងចាំរហូតដល់ឆ្នាំ 2025 ឯណោះ។

Xiaomi MX11 SUV ត្រូវបានគេជឿជាក់ថាជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ហើយបើតាមរូបភាពដែលបានបែកធ្លាយនាពេលកន្លងមកបានបង្ហាញថា MX11 គឺស្ថិតក្នុងគ្រួសាររថយន្ត Compact SUV ឬ Mid-size SUV។ រថយន្តអគ្គិសនី SUV ស៊េរីដំបូងចេញពី Xiaomi គឺមានការរចនាប្រហាក់ប្រហែលគ្នានឹងរថយន្តប្រណិតម៉ូដែល Ferrari Purosangue ក៏ប៉ុន្តែរក្សាទម្រង់នៃការរចនាដូចគ្នានឹងនឹងម៉ូដែល Xiaomi U7 Series ដែលជាប្រភេទរថយន្ត Sedan ដំបូងរបស់ក្រុមហ៊ុនដែរ។
លោក Lei Jun នាយកប្រតិបត្តិ Xiaomi ធ្លាប់បានបង្ហើបថា គាត់មានបំណងផលិតរថយន្តក្នុងក្តីស្រមៃសម្រាប់មហាជនដែលបន្តពីរថយន្ត SU7 ការបង្ហើបដូចនេះវាហាក់ដូចជាគាត់កំពុងបង្ហាញពីបំណងក្នុងការផលិតរថយន្តអគ្គិសនីថ្មីប្រភេទ SUV របស់ក្រុមហ៊ុន Xiaomi។

បើតាមរូបភាពគំរូរបស់ Xiaomi MX11 ដែលបានបែកធ្លាយសម្រាប់ការបើកសាកល្បងបានបង្ហាញថា រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ហើយក៏អាចនឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកំលាង 800V ផងដែរ។ ទោះជាយ៉ាង យើងរងចាំមើលការបង្ហាញព័ត៌មានលម្អិតដែលនឹងមាននៅលើ Xiaomi MX11 SUV ប្រសិនបើរថយន្តនេះ ពិតជាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Xiaomi Tech នាចុងខែតុលាខាងមុខនេះពិតមែននោះ។
យោងតាមរបាយការណ៍បានបញ្ជាក់ថា Xiaomi SUV ក៏នឹងមានម៉ូដែល EREV ឬ Extended-range electric vehicle ផងដែរ ដែលអាចនឹងចាប់ពីខ្ទង់ $20,950 ឡើងទៅ ហើយរថយន្តម៉ូដែលនេះទំនងជានឹងចេញលក់ផ្លូវការណ៍ក្នុងឆ្នាំ 2026៕
