ស្វែងរកពួកយើង:

Xiaomi ត្រៀមលក់រថយន្តរបស់ខ្លួននៅលើទីផ្សារសកល បន្ទាប់ពីការបង្ហាញចេញនូវម៉ូដែលទីពីររបស់ខ្លួន

ដោយ

Koun Jab Luffy

16 ធ្នូ 2024 12:15 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន Xiaomi ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំពង្រីកដែនទីផ្សារអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសមួយចំនួនផ្សេងនៅឯនាយសមុទ្ទ បន្ទាប់ពីជោគជ័យនៅទីផ្សារក្នុងស្រុក។ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល Xiaomi SU7 ដែលជារថយន្ត Sedan នៅទីផ្សារប្រទេសចិន ហើយក្រុមហ៊ុននេះត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញរថយន្តម៉ូដែលទីពីររបស់ខ្លួន គឺ YU7 ដែលជាប្រភេទរថយន្ត Crossover-SUV នៅឆ្នាំក្រោយនេះ។
ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថា កំពុងប្រមូលផ្តុំក្រុមការងារដែលខិតខំប្រឹងប្រែងដើម្បីដឹកនាំការលក់រថយន្តនៅលើទីផ្សារអន្តរ ជាតិរបស់ខ្លួន ដោយផ្តោតលើការស្រាវជ្រាវទីផ្សារ ការគ្រប់គ្រងគម្រោង និងការគាំទ្រផ្តល់សេវាកម្មថែទាំបន្ទាប់ពីការលក់។ យោងតាមរបាយការណ៍ Xiaomi នឹងចាប់ផ្តើមជាមួយនឹងការលក់ជាផ្នែកក្រុមតូចៗនៅក្នុងតំបន់ដែលបានជ្រើសរើស។ ដោយប្រើបណ្តាញដែលមានស្រាប់នៃហាងរបស់ Xiaomi ជាង 100 នៅទូទាំងពិភពលោក ក្រុមហ៊ុននឹងអាចធ្វើការវាស់ស្ទង់ការឆ្លើយតបតម្រូវការទីផ្សារ និងកែសម្រួលវិធីសាស្រ្តរបស់ខ្លួនមុនពេលចាប់ផ្តើមដំណើរការពេញលេញ។
Article image
រថយន្តអគ្គិសនីដំបូងរបស់ Xiaomi គឺជាម៉ូដេល SU7 ដែលមានជម្រើសដូចជា SU7, SU7 Pro, SU7 Max និង SU7 Ultra។ rរថយន្តអគ្គិសនីដំបូងរបស់ Xiaomi បានបង្ហាញខ្លួនលើកដំបូងក្នុងប្រទេសចិនក្នុងខែមីនាជាមួយនឹងតម្លៃចាប់ពីខ្ទង់ប្រហែល $27,864។ ថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសថា ខ្លួនបាននាំចេញរថយន្ត SU7 បានលើសចំនួនគោលដៅដែលបានកំណត់ក្នុងឆ្នាំ 2023 របស់ខ្លួនចំនួន 100,000 គ្រឿង និងកំណត់គោលដៅនាំចេញថ្មីចំនួន 130,000 គ្រឿងសម្រាប់ឆ្នាំ 2024។
Article image
ក្នុងអំឡុងពេលព្រឹត្តិការណ៍ពិសេសមួយនៅទីក្រុងប៉ារីស នាយកប្រតិបត្តិ Xiaomi លោក Lei Jun បានបង្ហាញពីមហិច្ឆតាក្នុងការលក់រថយន្តម៉ាក Xiaomi នៅទីផ្សារអឺរ៉ុបឲ្យបានមុនឆ្នាំ 2030។ ស្របពេលដែលរថយន្តអគ្គិសនីម៉ូដែលទីពីរ គឺ Xiaomi YU7 ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញវត្តមាននៅលើទីផ្សារជាផ្លូវការណ៍នៅរវាងខែមិថុនា ឬខែកក្តដា ឆ្នាំ 2025។ រថយន្ត Crossover ម៉ូដែលថ្មីទីពីររបស់ Xiaomi នឹងមានតម្លៃចាប់ពីខ្ទង់ $34,000 ឡើងទៅ៕