ស្វែងរកពួកយើង:

Xiaomi និយាយថា ការលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនមានការកើនឡើងពី 3 ទៅ 5 ដងខ្ពស់ជាងការរំពឹងទុក

ដោយ

Koun Jab Luffy

22 មេសា 2024 02:33 រសៀល

អាន 3 នាទី

Article image
ការលក់រថយន្តអគ្គីសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi របស់ប្រទេសចិន មានការកើនឡើងខ្ពស់ពី 3 ទៅ 5 ដងជាងការរំពឹងទុក នេះបើតាមការបញ្ជាក់ពីលោក Lei Jun ដែលជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi កាលពីថ្ងៃព្រហស្បត្តិសប្តាហ៍មុននេះ នៅថ្ងៃដែលក្រុមហ៊ុនបានចាប់ផ្តើមនាំចេញរថយន្តអគ្គិសនីម៉ូដែលស្តង់ដារឈ្មោះថា Xiaomi SU7 របស់ខ្លួនទៅកាន់ដៃអតិថិជនជាលើកដំបូង ហើយក៏ជាការនាំចេញមុនការបរិច្ឆេទរបស់ក្រុមហ៊ុនផងដែរ។
ស្ថាបនិក និងជា CEO ជាន់ខ្ពស់របស់ Xiaomi លោក Lei Jun បានបញ្ជាក់តាមរយះការថ្លែងការរបស់លោកនៅអំឡុងពេលធ្វើការផ្សាយបន្តផ្ទាល់នៅលើបណ្តាញ Douyin ឬ TikTok រយះពេក 2 ម៉ោង ដោយមានអ្នកចូលទស្សនារហូតដល់ទៅ 34 លាននាក់។ Xiaomi បានធ្វើប្រកាសចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងរថយន្តម៉ាក Porsche កាលពីចុងខែមុននៅក្នុងទីផ្សារប្រទេសចិនដែលមានតម្លៃក្រោម $30,000 សម្រាប់ម៉ូដែលស្តង់ដារ (SU7) ដែលជាតម្លៃធូរថ្លៃជាងរថយន្តក្រុមហ៊ុន Tesla Model 3 នៅទីផ្សារប្រទេសចិនប្រមាណ $4,000។
Xiaomi បានធ្វើចាប់ផ្តើមធ្វើការនាំចេញរថយន្តអគ្គិសនី SU7 ម៉ូដែលពិសេសហៅថា Founder Edition ចំនួន 5,000 គ្រឿងទៅកាន់ដៃអតិថិជនដំបូងកាលពីថ្ងៃទី 03 ខែមេសា ហើយកាលពីថ្ងៃព្រហស្បត្តិសប្តាហ៍មុននេះ Xiaomi ក៏បានចាប់ផ្តើមធ្វើការនាំចេញម៉ូដែលស្តងដារ SU7 បន្ថែមទៀតនៅក្នុងទីក្រុងប៉េកាំង និងស៊ិនជិន។ លោក Lei បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកបានធ្វើការនាំចេញរថយន្ត SU7 ម៉ូដែលស្តង់ដារសម្រាប់រយះពេល 12 ថ្ងៃ។ ជាមួយគ្នានេះក៏មានការចោទសួរថា តើ Xiaomi មានគម្រោងក្នុងការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីប្រភេទ off-road ដែរ ឬទេនាពេលអនាគត។ លោក Lei បានធ្វើការឆ្លើយតបថា Xiaomi មិនទាន់មានគម្រោងក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីប្រភេទ Off-road នោះទេ ដោយក្រុមហ៊ុនកំពុងធ្វើការផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើសង្វាក់ផលិតរថយន្ត SU7 ដែលប្រភេទរថយន្ត Sedan EV បច្ចុប្បន្ន។
លោក Lie បានមានប្រសាសន៍ថា "សម្រាប់កម្មវិធីក្នុងរថយន្ត ខ្ញុំទាមទារឱ្យធ្វើវាឡើងវិញឱ្យបានលឿន យ៉ាងហោចណាស់ម្តងក្នុងមួយខែ។ ប្រសិនបើមានបញ្ហាណាមួយ ពួកគេគួរតែត្រូវបានកែលម្អឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។ ក្រៅតែពីការនាំចេញម៉ូដែលពិសេស SU7 Founder Edition និង SU7 ស្តង់ដារទៅ Xiaomi ក៏ធ្លាប់បានបង្ហើបថា គ្រោងនឹងនាំចេញម៉ូដែល SU7 Max នៅក្នុងខែមេសានេះ ហើយសម្រាប់ម៉ូដែល SU7 Pro អាចនឹងត្រូវនាំចេញនៅចុងខែឧសភាខាងមុខ។ អ្វីដែលជាការចាប់អារម្មណ៍ គឺនៅអំឡុងពេលផ្សាយបន្តផ្ទាល់នៅលើបណ្តាញ Douyin (TikTok) ក៏មានការចូលរួមពីលោក Wei Jianjun ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ផងដែរ ដោយនាយកប្រតិបត្តិរូបនេះ បានធ្វើការកោតសរសើរដល់ក្រុមហ៊ុន Xiaomi ដែលមានសមត្ថភាពខ្លាំងអាចធ្វើការផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានត្រឹមតែរយះពេល 3 ឆ្នាំ។
Article image
បច្ចុប្បន្នកំពុងមានការប្រគូតប្រជែងខ្លាំងបំផុតនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅទូទាំងពិភពលោក ហើយសម្រាប់ក្រុមហ៊ុនចំណូលថ្មីអាចមានផលពិបាកបន្តិចសម្រាប់ការប្រគូតប្រជែង ដោយសារតែសង្គ្រាមនៃតម្លៃ និងការធ្លាក់ចុះផ្នែកតម្រូវការ ប៉ុន្តែសម្រាប់អ្នកជំនាញផ្នែកទីផ្សារវិញ បានយល់ឃើញថា Xiaomi គឺជាក្រុមហ៊ុនដែលមានកញ្ចប់ទឹកប្រាក់សម្រាប់ការវិនិយោគគ្រប់គ្រាន់បើធៀបនឹងក្រុមហ៊ុនរថយន្តអគ្គិសនីផ្សេងទៀត ហើយជាក្រុមហ៊ុនដែលបានជំនាញផ្នែកស្មាតហ្វូនផងដែរនោះ គឺផ្តល់លទ្ធភាពខ្ពស់ដល់ការបង្កើតនៅប្រព័ន្ធគ្រប់គ្រង់រថយន្តកម្រិតខ្ពស់ និងឆ្លាងវៃសម្រាប់អ្នកប្រើប្រាស់។
Article image
តាមអ្នកវិភាគបានធ្វើការព្យាករណ៍ថា Xiaomi គឺមានការខាតបង់ទឹកប្រាក់ក្នុងទំហំធំសម្រាប់រថយន្ត SU7 របស់ខ្លួន ដោយសារតែការផលិតមិនគ្រប់សម្រាប់តម្រូវការទីផ្សារ។ បើផ្នែកទៅលើការព្យាករណ៍ ក្រុមហ៊ុន Xiaomi ពេលនេះអាចមានលទ្ធភាពធ្វើការផលិតរថយន្តអគ្គិសនី SU7 របស់ខ្លួនបានចំនួនប្រមាណ 60 ម៉ឺនគ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ។ បើតាមក្រុមហ៊ុន Citi បានធ្វើការព្យាករណ៍ថា Xiaomi SU7 អាចនឹងមានការខាតបង់ទឹកប្រាក់ប្រមាណ 4.1 ពាន់លានយ៉ាន់ ឬប្រមាណ 68,000 យ៉ាន់ក្នុងរថយន្តមួយគ្រឿង៕
Xiaomi និយាយថា ការលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនមានការកើនឡើងពី 3 ទៅ 5 ដងខ្ពស់ជាងការរំពឹងទុក