
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ Xiaomi គឺ Xiaomi Auto បានប្រកាសពីគម្រោងក្នុងការបង្កើនសមត្ថភាពសង្វាក់ផលិតរថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើការនាំចេញទៅកាន់អតិថិជនដែលបានធ្វើការបញ្ជាទិញរថយន្តអគ្គិសនិ SU7 ឲ្យបានទាន់ពេលវេលា កាត់បន្ថយពេលវេលាទន្ទឹងរងចាំរបស់អតិថិជន។
ចំពោះដំណើរការនៃការបង្កើនប្រសិទ្ធភាព និងការថែទាំបានចាប់ផ្តើមកាលពីម្សិលមិញ ហើយដំណើរការនេះ គឺមានសារៈសំខាន់សម្រាប់ផែនការរបស់ក្រុមហ៊ុន Xiaomi ក្នុងការពង្រីកផលិតកម្មបន្ថែមទៀត។

អ្នកនាំពាក្យ Xiaomi បានបញ្ជាក់យ៉ាងច្បាស់ថា ការបង្កើនប្រសិទ្ធភាព និងសមត្ថភាពសង្វាក់ផលិត SU7 ដែលកំពុងបន្តនឹងមិនត្រូវបានពន្យារពេលការបញ្ជាទិញសម្រាប់អតិថិជន ដែលពួកគេនឹងទទួលបានរថយន្តក្នុងក្តីស្រមៃរបស់ពួកគេឆាប់ជាងការរំពឹងទុក។ ក្រុមហ៊ុន Xiaomi កំពុងព្យាយាមគ្រប់វិធីដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដំបូងរបស់ខ្លួនតាំងពីពេលចាប់់ផ្តើមផលិត និងចេញលក់ជាលើកដំបូង។

ជាមួយនឹងការបញ្ជាទិញមានការកើនឡើងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ Xiaomi បានធ្វើការបង្កើនការផលិតរថយន្តរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ Xiaomi បានចាប់ផ្តើមប្រើប្រាស់ទាំងបច្ចេកវិទ្យាកញ្ចប់អាគុយរបស់ក្រុមហ៊ុន CATL និង BYD ហើយកំពុងដំណើរការការងារដើម្បីធានាបាននូវការផលិតចំនួនទ្វេរដងក្នុងខែមិថុនា។ យោងតាមទិន្នន័យលក់ចុងក្រោយ ពេលនេះ Xiaomi បានធ្វើការនាំចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានចំនួនលើសគោលដៅដែលបានកំនត់ថា ដោយការនាំចេញបច្ចុប្បន្ន គឺបានចំនួនជាង 10,000 គ្រឿងក្នុងមួយខែ៕
