ស្វែងរកពួកយើង:

Xiaomi នឹងបញ្ចេញបន្ទះឈីប 5G ដំបូងរបស់ខ្លួននៅដើមឆ្នាំក្រោយ

ដោយ

Koun Jab Luffy

28 សីហា 2024 12:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
បច្ចុប្បន្ន Xiaomi គឺជាក្រុមហ៊ុននាំចេញស្មាតហ្វូនឈានមុខគេលំដាប់លេខបីនៅទូទាំងពិភពលោក។ មិនខុសពីក្រុមហ៊ុនរួមស្រុក និងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតនៅលើពិភពលោកនោះទេ ដោយបច្ចុប្បន្ន Xiaomi បានធ្វើការប្រកាសចេញ និងនាំចេញស្មាតហ្វូនដែលប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនដៃគូដូចជា Qualcomm, MediaTek និង Shanghai-based UNISOC អតិតក្រុមហ៊ុន Speedtrum ជាដើម។
ទោះជាយ៉ាងណាកាលពីដើមឆ្នាំ Xiaomi ត្រូវបានគេរាយការណ៍ថា បានចាប់ដៃជាមួយ Unisoc ក្នុងការអភិវឌ្ឍន៍ផលិតបន្ទះឈីបខ្នាត 4nm ដែលបន្ទះឈីបថ្មីដំបូងស្ថិតក្រោមស្លាកឈ្មោះ Xiaomi ដែលកើតចេញពីកិច្ចសហការគ្នានេះអាចនឹងត្រូវប្រកាសចេញផ្លូវការណ៍នៅដើមឆ្នាំ 2025។
បើតាមប្រភពព័ត៌មានថ្មីដែលបានទម្លាយចេញដោយគណនីមួយឈ្មោះថា Yogesh Brar បានធ្វើការបង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗដែលនឹងមាននៅលើបន្ទះឈីបដំបូងរបស់ Xiaomi ដែលនឹងបង្ហាញវត្តមាននាពេលឆាប់ៗខាងមុខនេះ។ ប្រភពបានបញ្ជាក់ថា បន្ទះឈីបថ្មីរបស់ Xiaomi នឹងផលិតដោយប្រើដំណើរការស្តង់ដារ 4nm N4P របស់ក្រុមហ៊ុន TSMC និងមានការរួមបញ្ចូលនឹងឈីបម៉ូឌឹមសេវា 5G ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Unisoc។
បន្ទះឈីបខ្នាត 4nm ដំបូងរបស់ Xiaomi ត្រូវបានគេដឹងថា អាចនឹងមានសមត្ថភាពដំណើរការប្រហាក់ប្រហែលគ្នានឹងបន្ទះឈីប Snapdragon 8 Gen 1 ដែលជាកំពូលឈីបរបស់ Qualcomm ដែលមានប្រើនៅលើកំពូលស្មាតហ្វូន និងឧបករណ៍ Android កំពូលជាច្រើននៅចន្លោះឆ្នាំ 2021 និង 2022។ ទោះជាយ៉ាងណា នេះមិនមែនជាលើកដំបូងបំផុតរបស់ Xiaomi ក្នុងការដែលព្យាយាមទៅលើការអភិវឌ្ឍន៍ផលិតបន្ទះឈីបផ្ទាល់ខ្លួននោះទេ។
ព្រោះថា កាលពីអំឡុងឆ្នាំ 2017 ក្រុមហ៊ុន Xiaomi បានបញ្ចេញស្មាតហ្វូនកម្រិតថវិកាម៉ូដែល Xiaomi Mi 5C ដែលបំពាក់បន្ទះឈីប Surge S1 ដែលផលិតដោយក្រុមហ៊ុនផ្ទាល់។ ដោយបន្ទះឈីបកម្រិតមធ្យម Xiaomi Surge S1 គឺផលិតដោយប្រើខ្នាតស្តង់ដារ 28nm ដែលមានអង្គគណនា Cortex-A53 ចំនួន 8-core ដោយ 4-core ផ្តល់ល្បឿនបាន 2.2GHz និង 4-core ទៀតផ្តល់ល្បឿន 1.4GHz ហើយនិងប្រើជាមួយអង្គក្រាហ្វិចស៊េរី Mali-T860៕
Xiaomi នឹងបញ្ចេញបន្ទះឈីប 5G ដំបូងរបស់ខ្លួននៅដើមឆ្នាំក្រោយ